សេចក្ដីព្រៀងច្បាប់ស្ដីពី សំណង់ ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីម្សិលមិញនេះ

បច្ចុប្បន្នការរីកលូតលាស់នៃវិស័យសំណង់ បានកំពុងបោះពួយទៅមុខយ៉ាងឆាប់រហ័ស ស្ថិតក្រោមការវិនិយោគធនតូច ធនមធ្យម និងខ្នាតយក្ស ដែលសន្ទុះនោះ បានធ្វើឲ្យការរីកដុះដាលនៃអគារ នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗ កើនឡើងយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះហើយ ច្បាប់ស្ដីពីសំណង់ គឺជាលិខិតបទដ្ឋានគតិយុត្ត ដ៏សំខាន់បំផុតមួយ ដែលត្រូវយកមកធ្វើការគ្រប់គ្រង និងចាត់ចែងរាល់សកម្មភាពសំណង់គ្រប់ប្រភេទ។ ជាក់ស្ដែង ម្សិលមិញនេះរាជរដ្ឋាភិបាលបានបើកសម័យប្រជុំលើកទី៣ នីតិកាលទី ៦ ដើម្បីពិនិត្យមើលទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ ដែលមានការចូលរួមយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នាសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ ត្រូវបានចប់សព្វគ្រប់។ ក្នុងនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្ទុះនៃការរីកចំរើនរបស់វិស័យសំណង់ ត្រូវការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់ កាន់តែមានភាពចំាបាច់ជាសារវន្ត។ សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុកស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលដើម្បីឆ្លើយតប នឹងបដិវត្តន៍ឧស្សាហកម្មទី៤ ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផង។

ឆ្លើយតបទៅនឹងតម្រូវការនេះ សម្ដេចបានបន្ថែមថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលនយោបាយជាតិស្តីពី ការរៀបចំទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឱ្យរៀបចំច្បាប់ស្តីពីសំណង់។ ស្ថិតនៅក្នុងបរិការណ៍នៃសន្តិភាព និងស្ថិរភាពនយោបាយ វិស័យសំណង់បានដើរតួនាទីជាសសរស្តម្ភមួយ ជាមួយសសរស្តមដែលជំរុញកំណើន ៣ ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសរចនាសម្ព័ន្ធផលិតកម្មឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងសំណង់ផ្សេងទៀត សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងផាកភាព។

រយៈពេលជាមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានកំណើនជាទៀតទាត់ និងនៅតែបន្តរីកចំរើនជាលំដាប់ ជាពិសេសការសាងសំណង់ធំៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយ និងប្រេងឥន្ទនៈ។ល។ គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដូចបានបញ្ជាក់ខាងលើមាន ២២ជំពូក និង ១១១មាត្រា មានសារៈប្រយោជន៍ ក្នុងការពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការ ប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភណភាព និង បរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ជាដើម។

 

ប្រភព៖ រដ្ឋសភា