ពលករវៀតណាមជាង ៩០% បានទៅធ្វើការនៅប្រទេសចំនួន ២ ប៉ុណ្ណោះគឺប្រទេសជប៉ុន និងតៃវ៉ាន់!

ប្រសិនបើយើងមើលទៅលើភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម គឺពិតជាចំនួនដ៏លេចធ្លោមួយ ដោយកាលពីឆ្នាំ ២០១៨ កំណើនសេដ្ឋកិច្ចឡើងដល់ ៧.១% និងគិតជាមធ្យម ៥.១% ក្នុងមួយឆ្នាំ។ បើតាមការព្យាករណ៍ទុក នៅត្រឹមឆ្នាំ ២០៣០ ផលិតផលក្នុងស្រុកសរុបវៀតណាម (GDP) នឹងឡើងខ្ពស់ជាងសិង្ហបុរីទៅទៀតគឺប្រហាក់ប្រហែលនឹង ៣៣០ ពាន់លានដុល្លារ ហើយនៅឆ្នាំ ២០៥០ វៀតណាមអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២០ លើពិភពលោក។ 

ថ្វីបើសេដ្ឋកិច្ចរីកចម្រើនខ្លាំងមែន ប៉ុន្តែអត្រានៃកង្វះខាតការងារនៅក្នុងប្រទេសវៀតណាម ស្ថិតនៅលំដាប់ខ្ពស់នៅឡើយ និងពុំអាចដោះស្រាយបានដោយងាយនោះទេ ដោយសារកំណើនប្រជាជនកើនឡើងខ្លាំងដល់ ៩៦.២ លាននាក់ហើយក្នុងឆ្នាំ ២០១៩ នេះ។ ទើបតម្រូវការនៃការបញ្ចេញកម្លាំងពលកម្មទៅក្រៅប្រទេសក៏មានច្រើនផងដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺពលករវៀតណាមជាង ៩០% បានទៅធ្វើការនៅប្រទេសចំនួន ២ ប៉ុណ្ណោះគឺប្រទេសជប៉ុន និងតៃវ៉ាន់។

យោងតាមសម្ដីលោក Nguyen Gia Liem ប្រធាននាយកដ្ឋានការងារក្រៅប្រទេស បានឲ្យដឹងថាបញ្ហាការងារ គឺជាបញ្ហាដ៏ពិបាកដោះស្រាយមួយរបស់ប្រទេសវៀតណាម ដោយសារតែវៀតណាមមានចំនួនប្រជាជនច្រើនជាងគេនៅអាស៊ានដីគោកនេះ ហើយឧស្សាកម្មវៀតណាមក៏មិនអាចបង្កើតការងារដល់ប្រជាជនក្នុងស្រុកបានគ្រប់គ្រាន់ទាន់ពេលវេលាដែរ។ ដូចនេះ ទើបវៀតណាមសម្រេចបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ ២០០៦ មកគេបានចុះកុងត្រាពលករជាង ១ លាននាក់ហើយ ចំណែកឯឆ្នាំ ២០១៩ នេះពលករវៀតណាមទៅធ្វើការក្រៅប្រទេសមានចំនួន ១៤០,០០០ នាក់ កើនខ្ពស់ជាងឆ្នាំមុនប្រមាណ ៧%។

បច្ចុប្បន្ននេះ គោលដៅនៃការបញ្ចេញពលករទៅក្រៅប្រទេសរបស់វៀតណាម គឺមានអាស៊ីខាងកើត, មជ្ឈឹមបូព៌ា, និងប្រទេសម៉ាឡេស៊ី ដែលវាកំពុងជួយបន្ទុកនៃការបង្កើតការងារក្នុងស្រុកបានដល់ ១០% ឯណោះរួមទាំងប្រាក់ចំណូលខ្ពស់។ ម្យ៉ាងវិញទៀត ប្រទេសមួយចំនួនទៀតកំពុងយកកម្លាំងពលកម្មពីប្រទេសវៀតណាមដែរ មានដូចជាប្រទេសព្រុយណេ, សិង្ហបុរី និងប្រទេសអ៉ារ៉ាប់។

យ៉ាងណាមិញ សម្រាប់គោលដៅធំបំផុតនៃពលករវៀតណាមនាពេលបច្ចុប្បន្ននេះគឺអាស៊ីខាងកើត ដែលរួមានប្រទេសជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង។ លោក Nguyen Gia Liem ប្រធាននាយកដ្ឋានការងារក្រៅប្រទេសបញ្ចាក់ថា ជប៉ុនជាប្រទេសរីកចម្រើនខ្លាំងលើគ្រប់វិស័យ ចំណែកឯពលករបានទៅធ្វើការ ទទួលបានប្រាក់ចំណូលខ្ពស់និងបទពិសោធន៍ចំណេះដឹងនៃបច្ចេកវិទ្យាថ្មីៗផងដែរ។ ប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយប្រាក់តម្លៃពលកម្មខ្ពស់ ហើយឧស្សាហកម្មនៅប្រទេសទាំងនោះទំនើប និងទាមទារឲ្យមានចំណេះដឹងច្រើនផងដែរ។ 

បើតាមរបាយការណ៍ ពលករវៀតណាមទៅក្រៅប្រទេស បានឲ្យដឹងថា ពលករវៀតណាមត្រឹមតែ ២០% ទៅ ៣០% តែប៉ុណ្ណោះដែលបានទៅធ្វើការប្រើប្រាស់ជំនាញខ្ពស់ មានទាំងវិស័យឧស្សាហកម្ម និងវិស័យសុខាភិបាល ចំណែកឯ ៨០% ទៅ ៧០% ផ្សេងទៀតគឺសុទ្ធសឹងតែប្រើប្រាស់កម្លាំងទាំងអស់។ យ៉ាងណាក៏ដោយ សម្រាប់ពលករដែលទទួលបានប្រាក់ចំណូលទាបបំផុតគឺអ្នកធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលទទួលបានចន្លោះពី ១៣០-១៧៣ ដុល្លារ, ចំណែកឯនៅមជ្ឈឹមបូព៌ាទទួលបាន ៣០០-៥០០ ដុល្លារ, ហើយនៅជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូងវិញទទួលបានចាប់ពី ៧០០-៩០០ ដុល្លារឯណោះក្នុងមួយខែ។ ចំណែកអត្រានៃការផ្ញើរប្រាក់របស់ពលករ មកប្រទេសវៀតណាមវិញ មានចាប់ពី ២.៥ ទៅ ៣ លានដុល្លារក្នុងមួយឆ្នាំ។ 

ប្រទេសវៀតណាម ក៏មានគោលបំណងបញ្ជូនពលករទៅប្រទេសខាងក្រៅបន្ថែមទៀតផងដែរ ក្នុងនោះគឺប្រទេសធំៗដូចជាប្រទេសអូស្ត្រាលី, សហរដ្ឋអាមេរិច, កាណាដា និងសហភាពអឺរ៉ុបដូចជាប្រទេសហ្វាំងឡង់ និងអ៊ីតាលី។ ប៉ុន្តែវៀតណាមនៅមានបញ្ហាមួយចំនួន ដែលមិនទាន់អាចសម្រេចបាននៅឡើយ ដោយសារកម្រិតភាសាអង់គ្លេសរបស់ពលករវៀតណាមនៅមានកម្រិតទាប។ ជាក់ស្ដែង អត្រានៃពិន្ទុតេស្ដអន្តរជាតិភាសាអង់គ្លេស IELTS របស់ប្រជាជនវៀតណាមធ្វើការក្រៅប្រទេស ជាមធ្យមបានត្រឹមតែ ៥.៧៨ ពិន្ទុប៉ុណ្ណោះ នៅទាបជាងប្រទេសហ្វីលីពីន ដែលមានជាមធ្យម ៦.៥៣ ពិន្ទុ និងប្រទេសម៉ាឡេស៊ីបានដល់ ៦.៦៤ ពិន្ទុ។ ម្យ៉ាងវិញទៀត គេតែងលើកឡើងថា ប្រជាជនវៀតណាមខិតខំធ្វើការ ប៉ុន្តែពិបាកមិនងាយសម្របទៅតាមគោលការណ៍របស់ក្រុមហ៊ុននោះទេ។