ទីផ្សារការិយាល័យនៅទីក្រុង Sydney នៅតែរឹងមាំ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យា

ទីក្រុង Sydney ដែលគេល្បីថាមានអចលទ្រព្យថ្លៃខ្លាំង និងពិបាកក្នុងការវិនិយោគនោះ នៅតែមានទីផ្សារខ្ពស់ផ្នែកការិយាល័យ ចាប់តាំងពីឆ្នាំ ២០១៨ មកដល់ពេលនេះ គេសង្កេតឃើញភាពរីកចម្រើនការិយាល័យស្ថិតនៅលំដាប់ខ្ពស់មានលំនឹងល្អ មិនធ្លាក់ចុះដូចជាអចលនទ្រព្យលំនៅដ្ឋាននោះទេ។ នោះក៏ត្រូវអរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មធំៗ ដែលបានចូលមកវិនិយោគនៅទីក្រុង Sydney និងធ្វើឲ្យការជួលការិយាល័យកើនឡើង ៣៤% ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅបែកខាងជើងទីក្រុង បើយោងតាម Knight Frank Office Market Overview។ 

លោក Giuseppe Ruberto នាយកក្រុមហ៊ុន Knight Frank ប្រចាំប្រទេសអូស្ដ្រាលីបានឲ្យដឹងថា ភាគខាងជើងនៃទីក្រុង Sydney នឹងមានកំណើនផ្នែកការិយាល័យរហូតដល់រយៈពេល ២ ឆ្នាំក្រោយទៀត ដោយសារក្រុមហ៊ុនបច្ចេកវិទ្យា បានសម្រុកមកតាំងការិយាល័យកណ្ដាលរបស់ខ្លួននៅទីក្រុង Sydney នេះ។ ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានដូចជា Microsoft, SAP, Nextgen.net, Nokia, Citrix និង ក្រុមហ៊ុន Zurich ជាដើម។ ដែលជារួមមក ភាគខាងជើងទីក្រុង Sydney ត្រូវបានក្លាយទៅជាតំបន់សកម្មបំផុតនៃផ្នែកហិរញ្ញវត្ថុនិង សេវាកម្មធានារ៉ាប់រងកើនឡើង ២០% ចំណែកឯផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកើនឡើង ១៥% ផងដែរ។ គេសង្កេតឃើញថា នៅលើវិថី 50 Miller មានការិយាល័យក្រុមហ៊ុនថ្មី ៤,១០០ ម៉ែត្រការ៉េ, និងវិថី 100 Mount ក្នុងតំបន់ការវិនិយោគរបស់ក្រុមហ៊ុន Victory Offices ក៏បានអភិវឌ្ឍន៍ការិយាល័យច្រើនជាងមុនផងដែរ។ លើសពីនេះ ការិយាល័យនៅភាគខាងជើងទីក្រុង Sydney កំពុងតែដំណើរការក្នុងតម្លៃសមរម្យ និងបញ្ចុះតម្លៃរហូតដល់ ២៧% ទៀតផង ដើម្បីផ្គត់ផ្គង់ការិយាល័យក្រុមហ៊ុននៅក្នុង Sydney Central Business District ឲ្យពេញតម្រូវការ។ 

ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ គេសង្កេតឃើញថានៅភាគខាងជើងទីក្រុង Sydney ការិយាល័យកម្រិតខ្ពស់កើនឡើង ៩.២% និងកម្រិតទី ២ កើនឡើង ៨.៥% ហើយនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះគម្រោងសាងសង់នឹងបញ្ចប់ជាង ១៥៥,០០០ ម៉ែត្រការ៉េបន្ថែមទៀត។ ចំណែកឯការវិនិយោគនៅតំបន់ឈូងសមុទ្រវិញ បានកើនដល់ ២.៥ ពាន់លានដុល្លារឯណោះ។