ទន្ទឹងនឹងមតិជាច្រើន ដែលកំពុងវែកញែកអំពីការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ក្នុងតំបន់អង្គរនិងខេត្តសៀមរាបនោះ ពេលនេះរបាយការណ៍ផ្លូវការដែលចេញផ្សាយដោយក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៩ នេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្ដរជាតិមកកម្សាន្ដសរុបចំនួន ៤,៣៦០,៣៩៧ នាក់ ដែលកើនឡើងខ្ពស់ជាងមុន ១០.៤% ធៀបនឹងរយៈពេល ៨ ខែដើមឆ្នាំ ២០១៨។ ចំនួននៃមានសន្ទុះកើនឡើងខ្ពស់ នៅក្នុងគោលដៅតំបន់ទេសចរណ៍រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូរទេសចរណ៍ភូមិភាគឥសាន្ដ។ ចំណែកឯប្រជាជនកម្ពុជាវិញ ក៏បានចេញទៅកម្សាន្ដនៅក្រៅប្រទេសខ្ពស់ផងដែរ រហូតដល់ ១,៣៤៧,០៦០ នាក់ លាននាក់ក្នុង ៨ ខែឆ្នាំ ២០១៩ នេះ ដែលជាចំនួនកើនឡើង ៤.៧% ធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរណ៍ដែលបានចូលមកក្នុងប្រទេសកម្ពុជា ភាគច្រើនចូលតាមផ្លូវអាកាស ដែលសរុបចំនួន ៣,១០៤,៤៨៩ នាក់ ស្មើនឹង ៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន ១៦.៦% ក្នុងនោះមានចំនួន ៣ ច្រកអន្ដរជាតិធំៗគឺ៖
• អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១,៤២៧,៤៨៧ នាក់ (កើនឡើង ១៤.៧%)
• អាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤ នាក់ (ថយចុះ ៩.១%)
• អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨,៧៤៨ នាក់ (៣៤៣.៥%)
ដោយឡែកចំពោះភ្ញៀវទេសចរណ៍ដែលចូលមកតាមផ្លូវគោកវិញ មានចំនួន ១,១៦០,៧៤៦ នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប (ថយចុះ ២.៩%) និងភ្ញៀវទេសចរណ៍តាមផ្លូវទឹកមានចំនួន ៩៥,១៦២ នាក់ ស្មើនឹង ២.២% នៃចំនួនសរុប (កើនឡើង ២.៩%)។
តួរលេខខាងលើនេះ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំនេះអាកាសយានដ្ឋានក្រុងព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងៗ ហើយតំបន់ឆ្នេរសមុទ្រនៅភូមិភាគនិរតីនៃប្រទេសកម្ពុជាយើង ក៏ជាគោលដៅទេសចរណ៍សំខាន់ផងដែរ ជាមួយនឹងកោះស្អាតជាច្រើន។ យ៉ាងណាមិញ តំបន់ដែលធ្លាក់ចុះគឺសៀមរាបអង្គរ និងតំបន់ប្រាសាទព្រះវិហារ ទៅវិញ។
សម្រាប់តំបន់ទេសចរណ៍នៃភ្ញៀវអន្ដរជាតិ មកកម្សាន្ដច្រើនបំផុតក្នុងប្រទេសកម្ពុជារួមមាន៖
• តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១ នាក់ ស្មើនឹង ៥៣.៨% នៃចំនួនភ្ញៀវសរុប (កើនឡើង ២៧.៤%)។
• សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦ នាក់ ស្មើនឹង ២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ (១១.១%)។
• តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧ នាក់ ស្មើនឹង ១៥.២% (កើនឡើង ៣៦.៥%)។
• តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣ នាក់ ស្មើនឹង១.១% (កើនឡើង ៩.១%)។
• តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣៦,៩៥៧ នាក់ (ថយចុះ៣.៣%)។
ដូចនេះយើងឃើញយ៉ាងច្បាស់ហើយថា តំបន់ដែលធ្លាក់ភ្ញៀវទេសចរណ៍ធៀបនឹងឆ្នាំមុន គឺតំបន់ប្រាសាទបុរាណខ្មែរ ទាំងនៅខេត្តសៀមរាប និងតំបន់ប្រាសាទព្រះវិហារ ចំណែកឯតំបន់ផ្សេងៗកំពុងមានកំណើនទាំងអស់។ យ៉ាងមិញ យើងក៏បានឃើញការបកស្រាយជុំវិញបញ្ហាធ្លាក់ភ្ញៀវទេសចរណ៍នេះរួចមកហើយដែរ ពីសំណាក់ក្រសួងទេសចរណ៍ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្តសៀមរាបកំពុងធ្វើការជួសជុលផ្លូវធ្វើដំណើរ សួនតំបន់អង្គរ និងពិនិត្យឡើងលើបញ្ហាសណ្ដាប់ធ្នាប់ក្នុងបរិវេនអង្គរ រួមទាំងតំបន់ទេសចរណ៍នានា ដូចនេះសង្ឃឹមថា មរតកប្រាសាទបុរាណខ្មែរ នឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើនជាងមុននៅឆ្នាំក្រោយៗទៀត។