យុគសម័យនៃប្រព័ន្ធឌីជីថល ប្រជាជនមានទូរសព្ទដៃវៃឆ្លាតស្ទើរគ្រប់ដៃ មានឧបករណ៍អេឡិចត្រូនិចដែលភ្ជាប់ជាមួយប្រព័ន្ធអ៊ីធើណេត ធ្វើឲ្យប្រតិបត្តិការនានាកាន់តែងាយស្រួល និងបើកផ្លូវដល់ក្រុមអ្នកអភិវឌ្ឍន៍បង្កើតនូវកម្មវិធីប្រើប្រាស់ថ្មីៗសម្រាប់បញ្ជាចរន្ដសេដ្ឋកិច្ចឲ្យដំណើរការបានតាមប្រព័ន្ធអ៊ីនធើណេតផងដែរ។ ហើយសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលនេះ ត្រូវបានគេហៅថា Internet Economy ឬ e-Conomy ដែលនៅតំបន់អាស៊ីអាគ្នេយ៍យើងកំពុងផ្ទុះឡើងខ្លាំងបំផុត និងប្រើប្រាស់ច្រើនជាងគេបំផុតនៅប្រទេសឥណ្ឌូនេស៊ី និងវៀតណាម យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន Google។
ក្នុងឆ្នាំ ២០១៩ គឺជាលើកទីមួយនៃប្រវត្តិសាស្ត្រប្រព័ន្ធសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការប្រើប្រាស់កើនឡើងខ្ពស់រហូតដល់មានការទូទាត់សាច់ប្រាក់តាមអ៊ីធើណេតដល់ទៅ ១០០ ពាន់លានដុល្លារ ដែលបានកើនឡើងខ្លាំងរហូត ៣៩% (ស្មើរនឹងទំហំ ៣ ដងធៀបកាលពី ៤ ឆ្នាំមុន) ហើយបើធៀបនឹងឆ្នាំ ២០១៨ គេទទួលបានត្រឹមតែ ៧២ ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះតាមការព្យាករណ៍ទុក នៅក្នុងឆ្នាំ ២០២៥ ប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលនេះ អាចនឹងឡើងដល់ ៣០០ ពាន់លានដុល្លារឯណោះ ដោយគេអាចស្វែងយល់យ៉ាងច្បាស់ថា នៅអាស៊ីអាគ្នេយ៍យើងចាប់ផ្ដើមទទួលការរបត់នៃការរស់នៅថ្មីដែលការដើរផ្សារ ការញ៉ាំ និងដំណើរកម្សាន្ដនានា មិនត្រូវការកាន់សាច់ប្រាក់ច្រើនដូចមុននោះទេ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ប្រទេសមានភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលបំផុតគឺមានប្រទេសឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពីន, ថៃ, ម៉ាឡេស៊ី, និងសិង្ហបុរី ក្នុងនោះប្រទេសឥណ្ឌូនេស៊ីឡើងដល់ ៤៩% ឯណោះ។
ការប្រើប្រាស់ e-Conomy នេះមានការវិវត្តិខ្លាំងជាងគេទៅលើវិស័យមួយចំនួនដូចជា Online travel (ដំណើរកម្សាន្ដដូចជាកក់សំបុត្រយន្ដហោះ, កក់សណ្ឋាគារ -ល-), Online Media (ការបង់ប្រាក់ជូនប្រព័ន្ធផ្សព្វផ្សាយដូចជា Netflix, Facebook, សារព័ត៌នានា), Ride Hailing (បង់ប្រាក់ជូនមធ្យោបាយធ្វើដំណើរដូចជា Uber, Grab និងរថភ្លើង MRT -ល-) និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។
E-commerce ក៏បានរីកចម្រើនខ្លាំងនៅតំបន់អាស៊ានផងដែរ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើងទីផ្សារអនឡាញក្នុងស្រុក បានចាប់ផ្ដើមកើនចំនួនឡើងច្រើន ដោយវាត្រូវបានសាយភាយចេញមកពីប្រទេសចិន ហើយពេលនេះប្រតិបត្តិការ e-Commerce នៅអាស៊ីអាគ្នេយ៍មានរហូតដល់ជាង ១៥០ លានដុល្លារ និងមានមូលធនសរុបជាង ៣៨ ពាន់លានដុល្លារ ធៀបជាមួយឆ្នាំ ២០១៥ មានត្រឹមតែ ៥.៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ចំណែកឯការបង់ប្រាក់លើមធ្យោបាយធ្វើដំណើរ (Ride Hailing) ដូចដែលបានរៀបរាប់ខាងលើនោះ នៅតំបន់អាស៊ីអាគ្នេយ៍ក៏កើនឡើងមិនធម្មតាដែរ ដោយសរុបជាង ១៣ ពាន់លានដុល្លារឯណោះ។ ជាក់ស្ដែងនៅអាស៊ានយើងមានប្រជាជនច្រើន ហើយកាលពីមុនគេនិយមប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ប៉ុន្តែឥលូវត្រូវងាកមកប្រើប្រាស់សេវាសាធារណៈវិញ ដើម្បីកាត់បន្ថយការស្ទះ សណ្ដាប់ធ្នាប់ និងបញ្ហាបរិស្ថាន។ ជាក់ស្ដែងនៅទីក្រុងគូឡាឡាំពួ ហ្សាកាតា សិង្ហបុរី -ល- ការប្រើប្រាស់រថភ្លើង MRT មានភាពរីកចម្រើនខ្លាំង។
ចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចតាមអ៊ីនធើណេតនេះវិញ គេសម្គាល់ឃើញថាប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាមកើនឡើងខ្ពស់ជាងគេជាមធ្យមដល់ ៤០% ឯណោះក្នុងមួយឆ្នាំ ខណៈប្រទេសថៃ, ហ្វីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី មានកំណើនចន្លោះពី ២០% ទៅ ៣០% ក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ ២០១៩ ប្រទេសឥណ្ឌូនេស៊ី មានការទូទាត់ប្រាក់តាមអ៊ីនធើណេតជាង ៤០ ពាន់លានដុល្លារ ហើយគេរំពឹងថានៅឆ្នាំ ២០២៥ វានឹងអាចឡើងដល់ ១៣០ ពាន់លានដុល្លារ ព្រោះឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេ។ ចំណែកប្រទេសវៀតណាម ក៏លេចធ្លោមួយដែរ ដោយសេដ្ឋកិច្ចកើនឡើងខ្ពស់ដល់ ៧.១% កាលពីឆ្នាំ ២០១៨ ចំណែកឯផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៤.២% ក្នុងមួយឆ្នាំ នឹងអាចក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២០ នៅរយៈពេល ៣០ ឆ្នាំខាងមុខ ដូចនេះចំនួននៃការប្រើប្រាស់ e-Conomy មានភាពរីកលូតលាស់គួរឲ្យសរសើរ។