ស្វែងយល់អំពីការបង្វែរចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ពីខេត្តដែលជាគោលដៅទេសចរណ៍ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង!

កាលពី ១០ ឆ្នាំផ្លាយមុន ប្រសិនបើគេនិយាយពីអំពីក្រុងព្រះសីហនុ គេប្រាដកជានឹកឃើញទៅដល់តំបន់សម្រាប់បម្រើទេសចរណ៍ឆ្នេរដ៏សំខាន់មួយក្នុងបែកនិរតីនៃប្រទេសកម្ពុជា តំបន់កោះធម្មជាតិជាច្រើន និងមានឧស្សាហកម្ម ការដឹកជញ្ជូនទំនិញមួយចំនួនតាមឆ្លងកាត់តាមផ្លូវទឹកកំពង់ផែក្រុងព្រះសីហនុនោះ។ ជាការពិត ក្រុងព្រះសីហនុ ត្រូវបានស្ថាបនាឡើងក្រោមស្នាព្រះហស្ថរបស់ សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលការរៀបចំទីក្រុងនោះគឺដើម្បីតែបម្រើលើវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញមួយចំនួនពីប្រទេសផ្សេងៗមកកាន់កម្ពុជា ឬឆ្លងកាត់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍តែមួយគត់ សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិមកកំសាន្ដសប្បាយ និងលំហែកាយថ្ងៃឈប់សម្រាក ដោយសារតែខេត្តមួយនេះមានលក្ខណៈអំណោយផលល្អ ទាំងទីតាំងភូមិសាស្ត្រ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ 

ផ្ទុយទៅវិញ បច្ចុប្បន្ននេះ នៅពេលដែលគេនិយាយអំពីក្រុងព្រះសីហនុ គេប្រាកដជាស្រមៃឃើញនូវបញ្ហាជាច្រើន ដូចជាវិនិយោគិនបរទេស មានការអភិវឌ្ឍន៍អគារធំៗ ភ្ញៀវទេសចរជនជាតិចិន ភាពអសន្ដិសុខ និងផលវិបាកផ្សេងៗនៃហេដ្ឋារចនាសម្ព័ន្ធ -ល-។ ជាការពិតណាស់ ខេត្តព្រះសីហនុជាតំបន់ដ៏អំណោយផលបំផុតមួយក្នុងតំបន់ឈូងសមុទ្រនៃប្រទេសកម្ពុជា ដែលអាចអភិវឌ្ឍន៍តំបន់ទេសចរណ៍បាន និងតំបន់ឧស្សាហកម្មបានយ៉ាងប្រសើរទៀតផង ហើយកត្ដាអំណោយផលនេះហើយ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាវិនិយោគិនបរទេស មកបណ្តាក់ទុនធ្វើជំនួញនៅខេត្តព្រះសីហនុយ៉ាងផុសផុល។ សំណង់អាគារខ្ពស់ៗ រីសតធំៗ បានកកើតឡើងតែមួយប៉ព្រិចភ្នែក បីដូចព្រះនិមិត្ត ដែលយើងសឹងតែមិនជឿនឹងភ្នែកយើង។ 

ទន្ទឹមនឹងភាពរីកចម្រើននេះ ខេត្តព្រះសីហនុ ក៏ជួបផលប៉ះពាល់មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង មិនអាចទប់ទល់នឹងទម្ងន់នៃការដឹកជញ្ជូនសម្ភារ:ធ្ងន់ៗសម្រាប់បម្រើអោយវិស័យសំណង់ (ដែលពីមុនមកការស្ថាបនាផ្លូវបម្រើអោយតែទេសចរណ៍ប៉ុណ្ណោះ) ការកកស្ទះចរាចរណ៍ ប្រពន្ធ័លូបង្ហូរទឹកស្អុយ ទឹកភ្លៀង កំនើនយ៉ាងគំហក់ នៃប្រជាជនមករស់នៅខេត្តព្រះសីហនុ និងការរំលោភបំពានផ្សេងៗរបស់ជនខិលខូចមួយចំនួន។

ដោយមើលឃើញនូវសក្តានុពលយ៉ាងធំធេង នៃខេត្តព្រះសីហនុ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្វែរចក្ខុវិស័យរយ:ពេលវែង ដោយប្រែក្លាយខេត្តព្រះសីហនុ ពីខេត្តដែលជាគោលដៅទេសចរណ៍ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។ ដើម្បីប្រែក្លាយ និងស្តារមុខមាត់ខេត្តព្រះសីហនុឡើងវិញ ស្របតាមគោលនយោបាយប្រែក្លាយ ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចេញថវិកាបម្រុង ១០០ លានដុល្លារ សម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុឡើងវិញ។

តើតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាអ្វី? ផែនការមេនៃគម្រោងនេះ ត្រូវរួមបញ្ចូលនូវទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយ ដោយឈរលើគោលការណ៍សំខាន់ៗដូចជា៖

១៖ តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត, បរិក្ខារសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), បរិស្ថានបៃតង, តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។

២៖ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ។

៣៖ ជាតំបន់មជ្ឍមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋានព្រមទាំង គិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈ ដែលមានគុណភាពស្តង់ដាខ្ពស់។

 

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ