ឯកឧត្តមទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាវាគ្មិន ស្រាយចម្ងល់មហាជនទាក់ទង ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា


កាលពីថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ កន្លងទៅ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ "ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា" ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ សូមជម្រាបជូនថា៖ កម្មវិធី MPWT Live Show នេះជាកម្មវិធីផ្សាយផ្ទាល់ទាក់ទងនឹង វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ជាកម្មវិធីធ្វើការផ្សាយផ្ទាល់លើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាព សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ។

កម្មវិធី MPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណង ជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងសម្បូរបែបជូនបងប្អូន ប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួង ជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានា របស់សាធារណជនពាក់ព័ន្ធ នឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។ ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើង នៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និងបានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែង រៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែក និយាយអំពីការប្រើប្រាស់ យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់ នៅកម្រិតសូន្យនៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានប្រមាណ ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ ៧០% នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាព នៃការបំពេញការងាររបស់ក្រសួង ទាក់ទងនឹងយានយន្តអគ្គិសនី ដែលក្នុងនោះរួមមាន៖ ក្រសួងបានជួបពិភាក្សា ការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមឯកអគ្គរដ្ឋទូតអង់គ្លេស ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីពិភាក្សាអំពី ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ហើយក្រសួងក៏បានសហការជាមួយ Energy Lab និង GIZ ដើម្បីផ្សព្វផ្សាយបន្ថែម បានរៀបចំការតាំងពិព័រណ៌ យានយន្តអគ្គិសនី នៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន ១២ បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការ ជាមួយក្រុមហ៊ុនចែកចាយ ប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុន PTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយ ការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន និងបានអំពាវនាវសុំឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍បានបង្ក ឱ្យមនុស្សស្លាប់ជាមធ្យមពី ៤ នាក់ទៅ ៥ នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និងថវិការហូតទៅដល់ ៣០០ ទៅ ៤៥០ លានដុល្លាក្នុងមួយឆ្នាំ។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ ក៏មានការលើកឡើងជាសំណួរ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖

១/ តើពាក្យពេញ EVជាអ្វី? អ្វីជាយានយន្តអគ្គិសនី? មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចជាមួយយាន យន្តប្រើឥន្ធនៈ? ហើយគុណសម្បត្តិរបស់យានយន្តអគ្គីសនីជាអ្វី? ចម្លើយ- ពាក្យពេញនៃពាក្យ EV គឺ Electric Vehicle គឺជាយានប្រើប្រាស់ថាមពលអគ្គិសនី ក្នុងការធ្វើចលនា និងមានប្រភពថាមពលពី ការបញ្ចូលចរន្តអគ្គិសនីទៅផ្ទុកក្នុងអាគុយ។ យានយន្តអគ្គិសនីមានគុណសម្បត្តិដូចជា៖ មិនបញ្ចេញឧស្ម័នពុលក្នុងបរិយាកាស មានសំឡេងស្ងាត់ ងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃថវិកាច្រើនក្នុងការប្រើប្រាស់។ យានយន្តអគ្គិសនីខុសពី យានយន្តប្រើប្រេងឥន្ធនៈ ត្រង់មួយប្រើថាមពលអូសទាញ ដោយសារម៉ាស៊ីនចំហេះក្នុង ដែលបានពីចំហេះនៃប្រេងឥន្ធនៈ និងមួយប្រើថាមពលពី ការបញ្ចូលចរន្តអគ្គិសនី និងប្រើម៉ូទ័រក្នុងការអូសទាញយាន។

២/ សំណួរពីអង្គភាពព័ត៌មាន FreshNews ក) ៤ខែដើមឆ្នាំ ២០២២នេះ ការនាំចូលរថយន្តអគ្គិសនី មានចំនួនប៉ុន្មានគ្រឿង? កើនឡើងប៉ុន្មានភាគរយ? ចម្លើយ៖ ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន ៦៦គ្រឿង ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានការកើនឡើងប្រមាណជាង៦០០%។ ខ) នៅក្នុងឆ្នាំ ២០២២នេះ ក្រសួងគ្រោងដាក់ឱ្យដំណើរការទីតាំង សាកយានយន្តអគ្គិសនីចំនួនប៉ុន្មានទីតាំង? ចម្លើយ៖ ក្រសួងបាន សហការជាមួយអង្គការ UNDP និងវិស័យឯកជនក្នុងការដាក់ ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ ០៤ ទីតាំងត្រូវបានគាំទ្រដោយអង្គការ UNDP និង ០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។ ក្រសួងក៏កំពុងសហការជាមួយអង្គការ UNDP ផងដែរ ក្នុងការសិក្សា និងចងក្រងផែនទីចង្អុលផ្លូវ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនឹងកំណត់អំពីទីតាំងជាក់លាក់ លក្ខខណ្ឌនៃការរៀបចំស្ថានីយបញ្ចូលថាមពល ដើម្បីស្វែងរកដៃគួវិនិយោគ និងពង្រីកបណ្តាញស្ថានីយ បញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។ គ) រថយន្តមួយគ្រឿងត្រូវការ បញ្ចូលអគ្គិសនីប៉ុន្មាននាទីទើបពេញ ហើយការបើកបរបានរយៈចម្ងាយប៉ុន្មាន? តើក្រសួងនឹងមានផែនការរៀបចំ កន្លែងបញ្ចូលអគ្គិសនីយានយន្តនេះ ឱ្យបានកាន់តែលឿនដែរទេ? ចម្លើយ៖ រយៈពេលនៃការបញ្ចូល ថាមពលអគ្គិសនីទៅយានយន្តអគ្គិសនី អាស្រ័យលើកត្តាមួយចំនួនដូចជា៖ ប្រភេទឧបករណ៍បញ្ចូលថាមពល កម្លាំងចរន្តអគ្គិសនី ទំហំអាគុយ ប្រភេទយានយន្តអគ្គិសនី និងកត្តាបន្ទាប់បន្សំមួយចំនួនទៀត។ ពេលវេលាបញ្ចូលថាមពលអគ្គិសនី អាចនឹងត្រូវកាត់បន្ថយ នៅពេលបច្ចេកវិទ្យាបញ្ចូលថាមពល មានការរីកចម្រើននាពេលអនាគត។

៣/ តើពេលណាទើបកម្ពុជា នឹងមានកន្លែងសាករថយន្តអគ្គិសនី ច្រើនកន្លែង ដូចស្ថានីយប្រេងឥន្ធនៈដែរ? និងសំណូមពរកុំលក់ឡានអគ្គិសនីថ្លៃពេក។ ចម្លើយ៖ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែសហការជាមួយអង្គការ UNDP ដើម្បីរៀបចំផែនទីចង្អុលផ្លូវមួយជាក់លាក់ សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បញ្ចូលថាមពលអគ្គិសនី សម្រាប់យានយន្ត ដោយកំណត់យុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែងក្នុងការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី តាមទីតាំងសក្តានុពលនៅកម្ពុជា។ ឆ្លើយតបទៅនឹង សំណូមពរ៖ តម្លៃរថយន្តអគ្គិសនី មានប្រែប្រួលទៅតាមក្រុមហ៊ុនផលិត និងស្តង់ដារគុណភាពរបស់រថយន្ត។

៤/ តើស្ថានីយចាក់ប្រេងឯកជនអាចដាក់កន្លែងសាក EV នេះបានដែរឬទេ? បើអាចដាក់បាន តើត្រូវរកជំនួយបច្ចេកទេសពីខាងណា? ចម្លើយ៖  អាចស្នើសុំដាក់បាន ក្នុងគោលបំណងធ្វើអាជីវកម្ម ស្របតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ អ្នកវិនិយោគត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ពី សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ពីស្ថាប័នគ្រប់គ្រងថាមពលអគ្គិសនីជាមុន។

៥/ តើមានឡានអគ្គិសនីតម្លៃខ្ទង់ ៥.០០០ដុល្លារ ដូចនៅប្រទេសចិនទេ? ចម្លើយ៖ តម្លៃយានយន្តអគ្គិសនី មានការប្រែប្រួលទៅតាមក្រុមហ៊ុនផលិត ទីកន្លែងផលិត ស្តង់ដារគុណភាព ពន្ធនាំចូល និងតម្លៃផ្សេងៗទៀត ដែលក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន។

៦/ តើគោលនយោបាយកាត់បន្ថយ ពន្ធនាំចូលយានយន្តអគ្គិសនី បានចាប់ផ្ដើមអនុវត្តហើយឬនៅ? ចម្លើយ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុវត្តតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអាត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។

៧/ រដ្ឋាភិបាលថៃជួយសម្រួលថវិកាបន្ថែម ដល់ពលរដ្ឋខ្លួនដែល ទិញឡានអគ្គិសនីយកទៅប្រើប្រាស់ ចុះកម្ពុជាវិញ? ចម្លើយ៖ គោលនយោបាយលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋប្រើប្រាស់ យានយន្តអគ្គិសនី នៅតាមប្រទេសនីមួយៗ មានការលើកទឹកចិត្តខុសៗគ្នា ប្រទេសខ្លះមានការលើកលែងពន្ធនាំចូល ០% ប្រទេសខ្លះ ១០% ប្រទេសខ្លះ ៣០% សម្រាប់កម្ពុជា យើងក្នុងជំហានដំបូងនេះ ក៏បានបន្ថយអាករ ពិសេសសម្រាប់ចំពោះ យានយន្តអគ្គិសនីពី ៣០% មក ១០% ផងដែរ។

៨/ តើកម្ពុជាមានត្រៀមកន្លែង សាកអាគុយឡានសាធារណៈ នៅតាមផ្លូវជាតិដែរឬទេ? ចម្លើយ៖ ស្ថានីយសាកយានយន្តអគ្គិសនី នៅតាមផ្លូវជាតិសំខាន់ៗ ត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ ផែនទីបង្ហាញផ្លូវ Roadmap សហការរៀបចំជាមួយអង្គការ UNDP នឹងចង្អុលបង្ហាញ ទីតាំងជាក់លាក់សម្រាប់ ការបំពាក់ស្ថានីយ៍សាកយានយន្តអគ្គីសនី ក្នុងរយៈពេលខ្លី មធ្យម និងវែង ស្របទៅតាមតម្រូវការជាក់ស្តែងផងដែរ។

៩/ តើគិតលុយសាកភ្លើងឬអត់? ចម្លើយ៖ ការសាកថាមពលអគ្គិសនី ត្រូវបានគិតតម្លៃភ្លើង និងសេវាកម្មផ្សេងៗ ប៉ុន្តែបើធៀបទៅនឹង ប្រេងឥន្ធនៈតម្លៃប្រើប្រាស់យានយន្តអគ្គិសនី ថោកជាងការប្រើប្រាស់ប្រេងឥន្ធនៈ ប្រមាណ ៣ ដង។

១០/ តើស្ថានីយសាកថ្មមានគ្រប់គ្រាន់ដែរឬទេ? តើគិតតម្លៃយ៉ាងម៉េច? ចម្លើយ៖ ស្ថានីយសាកយានយន្តអគ្គិសនី នឹងមានការអភិវឌ្ឍស្រប តាមកំណើនយានយន្តអគ្គិសនី តម្លៃប្រើប្រាស់យានយន្តអគ្គិសនីថោក ជាងការប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ៣ ដង។

១១/ តើហេតុអ្វីកង់បីអគ្គិសនី ដែលផលិតនៅកម្ពុជា មិនមានឆ្នាំងសាកថាមពលអគ្គិសនីដូចរថយន្ត? ចម្លើយ៖ ការផលិតកង់បីក្នុងគោលបំណង ដើម្បីប្រើប្រាស់ដឹកអ្នកដំណើរធ្វើអាជីវកម្ម អ្នកដំណើរមិនអាច អង្គុយរយៈពេល ៣០នាទី ឬមួយម៉ោងដើម្បីរង់ចាំ បញ្ចូលថាមពលអគ្គិសនីកង់បីទេ គេអាចធ្វើការប្ដូរអាគុយចាស់ចេញ ដាក់អាគុយថ្មីចូលតែម្ដង។

១២/ តើខ្ញុំអាចបើក ស្ថានីយបញ្ចូលថាមពលអគ្គិសនីបានដែរទេ? ចម្លើយ៖ ក្រសួងសូមស្វាគមន៍អ្នក វិនិយោគដាក់ទុនលើការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ក៏ប៉ុន្តែត្រូវធ្វើតាមនីតិវិធី និងអាចទាក់ទង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើ នីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជា ដើម្បីពិនិត្យការស្នើសុំ ការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ក្រសួងកំពុងសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតសេចក្តីប្រកាសរួមទាក់ទងនឹងការបង្កើត ឬដំឡើងស្ថានីយ បញ្ចូលថាមពលអគ្គិសនី។

១៣/ នៅពេលប្រើយានយន្តអគ្គិសនី ច្រើនមានផលប៉ះពាល់អ្វីខ្លះ? ហើយជាទូទៅអាគុយយានយន្ត អគ្គិសនីនេះ មានអាយុកាលប៉ុន្មានឆ្នាំ? ចម្លើយ៖ តាមលក្ខណៈបច្ចេកទេស ជាមធ្យមអាគុយអាច ប្រើបានពី ៥ ទៅ១០ ឆ្នាំ ប៉ុន្តែអាស្រ័យលើការប្រើប្រាស់របស់យើង បើយើងប្រើប្រាស់ច្រើនប្រសិទ្ធភាព អាគុយថយចុះដែរ។

១៤/ តើយានយន្តអគ្គិសនីត្រូវចុះបញ្ជីផ្លាកលេខដែរឬទេ? ហើយនីតិវិធីចុះបញ្ជីដូចនឹងនីតិវិធីចុះបញ្ជីម៉ូតូ ដែរឬទេ? តើរដ្ឋមានការបន្ធូរបន្ថយពន្ធអ្វីខ្លះ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ពន្ធលើការនាំចូល និងការផលិត ឬដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា? ចម្លើយ៖ បើយានយន្តអគ្គិសនី ជាម៉ូតូអាចបើកល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវតែមកចុះបញ្ជី នៅអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកអត្រាពន្ធ រាជរដ្ឋាភិបាលបានបញ្ចុះអត្រា ពន្ធយានយន្តអគ្គិសនីប្រមាណ ៥០% ហើយដើម្បីលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋប្រើ។

១៥/ តើយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ នឹងដាក់ឱ្យឈប់ប្រើប្រាស់ ដែរឬទេពេលអនាគត? និងត្រូវគិតពន្ធដូចម្ដេចលើយានយន្តអគ្គិសនី? ចម្លើយ៖ ក្រុមហ៊ុនផលិតយានយន្ត នឹងលែងផលិតយានយន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនានា នៅអឺរ៉ុបនឹងលែងផលិតយានយន្តប្រើប្រេងនៅឆ្នាំ ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយ ក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។

១៦/ តើថ្ងៃអនាគត តម្លៃអគ្គិសនីសម្រាប់ បញ្ចូនយានយន្តអគ្គិសនី អាចឡើងថ្លៃដែរឬទេ បើសាំងកំពុងឡើងថ្លៃដូចសព្វថ្ងៃនេះ? ចម្លើយ៖ បច្ចុប្បន្ននេះ ការបញ្ចូលថាមពលអគ្គិសនីយានយន្ត ត្រូវចំណាយ ៤ដុល្លារ អាចធ្វើធ្វើដំណើរបាន ១០០គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈ ត្រូវចំណាយចំនួនជាង ១០ ដុល្លារ។ បើថ្ងៃក្រោយរថយន្តទាំងអស់ប្រើអគ្គិសនី យើងត្រូវបង្កើតរោងចក្រអគ្គិសនី បន្ថែមឱ្យបានច្រើន។

១៧/ តើយានយន្តអគ្គីសនី និងយានយន្តប្រើចំហេះក្នុង អាចប្រើប្រាស់បញ្ចូលគ្នាបានដែរឬទេ? ចម្លើយ៖ សព្វថ្ងៃនេះយើងមានរថយន្ត ដែលប្រើម៉ាស៊ីនកូនកាត់ ដែលប្រើអគ្គិសនីផង និងប្រើប្រេងឥន្ធនៈផង។

រថយន្តប្រភេទនេះនឹងត្រូវកាត់បន្ថយ ឬលែងផលិតតែម្ដង គេផលិតតែរថយន្តដើរដោយថាមពលអគ្គិសនី ប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រពិភពលោក កំពុងស្រាវជ្រាវថាតើអាចមាន ប្រភេទថាមពលណាដែលអាចប្រើប្រាស់ បានដោយមិនបញ្ចេញឧស្ម័នកាបូនបំពុលបរិស្ថាន ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក។

សូមជម្រាបជូនថា៖ ក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២២នេះ មានចំនួន ៨៤គ្រឿង ដោយប្រៀបធៀបនឹង រយៈពេលដដែលក្នុង ២០២១ មានចំនួន ៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង ៨០០%។ យោងលើកំណើន ដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមាន ការកើនឡើងយានយន្តស្រប ទៅតាមទិសដៅកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែងស្តីពីអាព្យាក្រឹតកាបូនឆ្នាំ ២០៥០ ដោយជំរុញនិងលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអាត្រា ៤០% និងម៉ូតូ អគ្គិសនីក្នុងអាត្រា ៧០%៕