តូក្យូ៖ ស្ថានការណ៍លើផ្ទៃប្រទេសរបស់ជប៉ុន ជុំវិញជំងឺកូវីដ-១៩ បានធូរស្បើយកាន់តែប្រសើរឡើងហើយ រហូតឈានដល់ការបើកសាកល្បង ឱ្យមានការទទួលភ្ញៀវទេសចរ ទ្រង់ទ្រាយតូច មកពីបណ្ដាប្រទេសចំនួន ៤ សិននៅក្នុងខែឧសភានេះ។ សកម្មភាពនេះនឹងត្រូវ ពង្រីកបន្ថែមទៀត ចាប់ពីខែក្រោយនេះតទៅ ដោយទទួល និងអនុញ្ញាតឱ្យភ្ញៀវទេសចរ មកពីបណ្ដាប្រទេសទាំង ៣៦ ទៀត អាចទៅកំសាន្តនៅជប៉ុនបាន។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលជប៉ុន កាលពីម្សិលមិញនេះបានឱ្យដឹងថា ជប៉ុននឹងបើកទ្វាស្វាគមន៍ភ្ញៀវទេសចរ មកពីបណ្ដាប្រទេសចំនួន ៣៦ ផ្សេងទៀត ឱ្យចូលទៅកំសាន្តនៅជប៉ុន គិតចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ សេចក្ដីប្រកាសនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលជប៉ុន បានកំណត់ថ្ងៃប្រកាស បិទបញ្ចប់រោគរាតត្បាត អស់រយៈពេលជាង ២ ឆ្នាំ កន្លងទៅ ដែលរយៈពេលកន្លងទៅនេះ មានតែជនជាតិជប៉ុន និងភ្ញៀវអន្តរជាតិសំខាន់ៗ ដែលស្នាក់នៅជប៉ុន និងសិស្ស និស្សិតប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូល។
ការអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តជាតិ ទៅកំសាន្តនៅជប៉ុន កាន់តែទូលាយនេះ ត្រូវបានអនុញ្ញាតឱ្យធ្វើឡើង តែជាក្រុមទេសចរណ៍សិនប៉ុណ្ណោះ ពោលគឺមិនអាចទៅ កំសាន្តជាលក្ខណៈឯកជនឡើយ។ រាល់ភ្ញៀវទេសចរ ទៅកំសាន្តនៅជប៉ុន ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៣ ដូស ត្រូវធ្វើតេស្ដនៅប្រទេសសមីខ្លួនជាមុន រួចត្រូវធ្វើតេស្ដម្ដងទៀត ពេលទៅដល់ប្រទេសជប៉ុន ដើម្បីធានាដល់សុខភាព និងបង្ការការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស។ ប្រសិនធ្វើតេស្ដឃើញលទ្ធផលវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក និងគោរពតាមវិធានការណ៍ របស់រដ្ឋាភិបាលជប៉ុន។
រដ្ឋាភិបាលជប៉ុន ក៏នឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន នៅលើផ្ទៃប្រទេស មួយចំនួនផ្សេងទៀត ចាប់ផ្ដើមបើកដំណើរការ ឡើងវិញផងដែរ ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ទៅកំសាន្តនៅតាមរមណីយដ្ឋានផ្សេងៗគ្នា ក្រោមការវាយតម្លៃថា ខែមិថុនា ខាងមុខភ្ញៀវទេសចរអន្តជាតិ ដែលទៅកំសាន្តនៅជប៉ុន អាចនឹងមានចំនួនប្រមាណ ២០.០០០ នាក់។ ដំណើរទេសចរណ៍នេះ ក្រុមហ៊ុនទេសចរណ៍ត្រូវទទួលខុសត្រូវ មើលការខុសត្រូវភ្ញៀវរបស់ខ្លួន ដោយតម្រូវឱ្យពាក់ម៉ាសការពារ និងត្រូវធ្វើដំណើរជាក្រុមជាដើម។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ ជប៉ុន បានទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណ ៣១,៩ លាននាក់ តែចូលដល់ឆ្នាំ ២០២០ ចំនួននោះបានធ្លាក់មកសល់ត្រឹមតែជាង ៤ លាននាក់ប៉ុណ្ណោះ និងឆ្នាំ ២០២១ កាន់តែធ្ងន់ធ្ងរថែមទៀតមកសល់តែជាង ០,២៥ លាននាក់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់វិស័យទេសចរណ៍ និងធ្វើដំណើររបស់ជប៉ុន។ សម្រាប់ឆ្នាំ ២០២២ នេះជប៉ុន រំពឹងថា នឹងអាចចាប់ផ្ដើម ដំណើរការសាកល្បងឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល៕