សន្ទុះវិនិយោគផ្ទាល់ របស់បរទេសនៅវៀតណាម កើនឡើង ៧,៨% ក្នុងរយៈពេល ៥ ខែនាឆ្នាំ ២០២២


ហាណូយ៖ ការវិនិយោគរបស់វិនិយោគិនអន្តរជាតិ នៅក្នុងប្រទេសវៀតណាម នៅតែបន្តមានភាព វិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាប្រទេសនេះ កាលពីចុងឆ្នាំ ២០២១ កន្លងទៅ បានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការឆ្លងចូលកូវីដ-១៩ ទៅក្នុងសហគមន៍ក៏ដោយ។ ឈានចូលឆ្នាំ ២០២២ នេះ ចំនួននោះ នៅតែបន្តកើនឡើង ប្រសើរជាងឆ្នាំមុនទៅទៀត។

យោងតាមទិន្នន័យផ្លូវការ របស់ក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បានឱ្យដឹងកាលពីម្សិលមិញនេះថា ទំហំវិនិយោគពីក្រៅប្រទស ចូលមកក្នុងប្រទេសវៀតណាមផ្ទាល់ ឬហៅជាភាសាអង់គ្លេសថា (FDI) បានកើនឡើងបន្ថែមទៀត ក្នុងទំហំទឹកប្រាក់សរុប ប្រមាណជា ៧,៧១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២២ នេះ ពោលគឺគិតចាប់ពីខែមករា ដល់ខែឧសភានេះ។ ទឹកប្រាក់នេះ គឺជាការបន្ថែមប្រាក់ចូល ទៅក្នុងចរន្តសេដ្ឋកិច្ចវៀតណាម បន្ថែមពីទំហំវិនិយោគ ដែលមានស្រាប់នៅក្នុងស្រុក។

ការកើនឡើងរយៈពេល ៥ ខែ នាឆ្នាំ២០២២ នេះ បើធៀបទៅនឹង ៥ ខែ នាឆ្នាំមុន ឃើញថា មានសន្ទុះកើនឡើង ៧,៨% ដែលជាតួលេខបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទី២ ឆ្នាំនេះ កំណើននៃការវិនិយោគរបស់បរទេសនៅក្នុង ប្រទេសវៀតណាម នៅតែបន្តមានភាពវិជ្ជមាន និងកើនឡើងជាងឆ្នាំមុន រួចអាចបន្តកើនឡើងដល់ត្រីមាសទី៣ និងត្រីមាសទី៤ ផងដែរ។ ជាក់ស្ដែង ការកើនឡើងនៃការវិនិយោគនោះ មាន ៥៨,២% កើនឡើងទៅក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម កែច្នៃ និងមាន ២៥,៦% កើនឡើងនៅក្នុងវិស័យអចលនទ្រព្យ។

ការកើនឡើងនេះ នឹងជម្រុញឱ្យទំហំវិនិយោគ របស់វិនិយោគិនអន្តរជាតិកើនឡើង និងមានទំនុកចិត្តខ្ពស់ជាមួយនឹងវៀតណាម ស្របពេលក្រុមហ៊ុនអន្តរជាតិធំៗ បានសម្លឹង និងមើលឃើញឱកាស ក្នុងការចូលវិនិយោគនៅប្រទេសវៀតណាម ស្របពេលវៀតណាមផ្ទាល់ កំពុងដើរទៅរក និងកែប្រែខ្លួនទៅជាប្រទេសបណ្ដុំសេដ្ឋកិច្ចដ៏សំខាន់ និងឈានមុខគេមួយ នៅអាស៊ីអេគ្នេយ៍ក្នុង រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕