ចិន៖ ទីក្រុងសេដ្ឋកិច្ច និងជាតំបន់ចរន្តហិរញ្ញវត្ថុ ធំជាងគេមួយរបស់មហាអំណាចចិន បានរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ-១៩ អស់ជាច្រើនខែមកហើយ រហូតឈានដល់ការបិទខ្ពប់ ដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់ ចរន្តសេដ្ឋកិច្ចផ្ទៃក្នុង ក៏ដូចជាអន្តរជាតិ។ យ៉ាងណាមិញ ក្រោមការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងមួយនេះ ទីបំផុតរដ្ឋាភិបាលចិន បានប្រកាសហើយថា នឹងត្រៀមបើកទីក្រុងនេះ ឡើងវិញនាថ្ងៃពុធខាងមុខ។
ស្ថានការណ៍នៅទីក្រុងសៀងហៃ ចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ ក្រោមវិធានការណ៍ Zero Covid របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានដាក់ចេញឱ្យអនុវត្ត និងប្រយុទ្ធប្រឆាំងលើផ្ទៃប្រទេស កាលពីពេលកន្លងទៅ។ ស្ថិតក្នុងកាលៈទេសៈ ល្អប្រសើរឡើងវិញនេះសាលារៀន បានចាប់ផ្ដើមបើកដំណើរការឡើងវិញ ខណៈទីក្រុងទាំងមូល គ្រោងនឹងបិទបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការឡើងវិញនាថ្ងៃពុធ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាស អាជ្ញាធរទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានឱ្យដឹងថា ទីក្រុងសៀងហៃ នឹងបើកដំណើរការឡើងវិញ នាដើមខែក្រោយនេះ បន្ទាប់ពីបិទខ្ទប់ អស់រយៈពេលជាង ២ ខែកន្លងទៅ។ ការបើកដំណើរការឡើងវិញនេះ គឺដើម្បីស្រោចស្រង់សេដ្ឋកិច្ចផ្ទៃក្នុង ជាពិសេសសេដ្ឋកិច្ចរបស់ទីក្រុងដ៏ធំមួយនេះ ដែលបានខាតបង់ យ៉ាងច្រើនរួចមកហើយ ដោយក្នុងនោះរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ និងវិធានការណ៍ជាច្រើន ដែលត្រូវគោរព និងការពារផងដែរ។
គោលការណ៍ និងវិធានការណ៍នោះ ត្រូវបានធ្វើវិសោធនកម្ម និងដាក់បន្ថែមថ្មី ក្នុងគោលដៅធានាអំពីការឆ្លង និងរីករាយដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍បន្ថែមទៀត។ ក្នុងនោះដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ អាជីវកម្មជាច្រើន នឹងត្រូវបើកដំណើរការឡើងវិញ ទាំងក្រុមហ៊ុន សហគ្រាសតូចធំជាច្រើន តែក៏មានអាជីវកម្មមួយចំនួន ពុំទាន់ត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញផងដែរ ពិសេសអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃអត្រាឆ្លង។ មិនតែប៉ុណ្ណោះ ការផ្ដល់កម្ចីឥណទាន ផ្នែកពន្ធ ក៏ត្រូវបានកាត់បន្ថយ ដើម្បីជួយទៅដល់ស្ថានភាពពលរដ្ឋ និងអាជីវកម្មធនតូច និងមធ្យមទៀតផង។
ការបើកទីក្រុងសៀងហៃឡើងវិញនេះ គឺក្នុងក្ដីរំពឹងថា នឹងអាចជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ នៅក្នុងទីក្រុងឡើងវិញ ពោលគឺនាំយកការរស់នៅ ដូចសព្វមុនដងមកវិញ តែត្រូវទាមទារពេលវេលាបន្ថែមទៀត ទម្រាំស្ថានការណ៍អាច ល្អប្រសើរឡើងវិញ៕