សាំងឡើងថ្លៃ មិនប៉ះពាល់ដល់ ការនាំចេញស្រូវអង្កររបស់កម្ពុជា ទៅកាន់អឺរ៉ុបនោះទេ


អឺរ៉ុប ជាទីផ្សារនាំចេញស្រូវអង្ករធំលំដាប់ទី២ សម្រាប់កម្ពុជា បន្ទាប់ពីប្រទេសចិន ហើយការនាំចេញស្រូវអង្ករពីកម្ពុជា នៅតែមានកំណើនឡើងដដែល ទោះជាមានវិបត្តិសកល លើតម្លៃប្រេងឥន្ធនៈ យ៉ាងណាក្ដី ជាក់ស្ដែង ការនាំចេញស្រូវអង្ករ ទៅប្រទេសចិន ក្នុងរយៈពេល ៥ ខែកន្លងទៅនេះ សម្រេចបាន ១៤៩.៤៤៧ តោន មានកំណើនឡើង ២៣% ចំណែកការនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុបវិញ សម្រេចបាន ៨៨.១៦៧ តោន មានកំណើនឡើងជិត ៥០% ផងដែរ បើយោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ ទីផ្សារអឺរ៉ុបចំនួន ២៣ ប្រទេស នៅតែមានអត្រាកំណើនខ្ពស់ និងមិនរងផលប៉ះពាល់ ពីអត្រាឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័នជាសកលនោះទេ ទោះជាតម្លៃនៃ ការដឹកជញ្ជូននាំចេញកើនឡើងក្ដី។ លោកឧកញ៉ា បានអះអាងថា ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័នទូទាំងសកលលោក បានប៉ះពាល់ដល់វិស័យដឹកជញ្ជូន តម្លៃផលិតកម្ម និងសង្វាក់ផលិតកម្ម របស់ប្រទេសមួយចំនួន ហើយក៏បានធ្វើឲ្យតម្លៃការនាំចេញ ស្រូវអង្ករពីកម្ពុជា កើនឡើងដូចគ្នា។ បើធៀបទៅនឹងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២១ តម្លៃអង្ករនាំចេញទៅអឺរ៉ុប បានកើនឡើងប្រហែល ១០% ប៉ុន្តែសម្រាប់បរិមាណ នាំចេញអង្ករទៅអឺរ៉ុប ក៏មានកំណើនឡើងខ្ពស់ ដល់ជិត ៥០% ផងដែរ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru rice (Cambodia) Co,. Ltd និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា នៅតំបន់អាស៊ានយើង បរិមាណនិងតម្លៃស្រូវអង្ករ មិនមានការប្រែប្រួលគួរ ឲកត់សម្គាល់នោះទេ ពីព្រោះប្រទេសអាស៊ានសុទ្ធសឹង ជាប្រទេសផលិតអង្ករដោយខ្លួនឯង។ ប៉ុន្តែបើក្រឡេកមើលទ្វីបអឺរ៉ុបវិញ វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិស្បៀងអាហារពិភពលោក បានធ្វើតម្លៃនាំចេញស្រូវអង្ករ កើនឡើងគួរឲកត់សម្គាល់ ជាក់ស្ដែងតម្លៃនាំចេញអង្ករកម្ពុជា ទាំងអង្ករធម្មតា អង្ករប្រណិត និងអង្ករក្រអូប មានតម្លៃចន្លោះពី ៤០០ ទៅ ៥០០ ដុល្លារ ក្នុងមួយតោន និងអាចខ្ពស់ជាងនេះអាស្រ័យ ទៅតាមប្រភេទអង្ករ។

សូមបញ្ជាក់ផងដែរថា ការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ប្រទេសចំនួន ៥៣ ប្រទេស រយៈពេល ៥ ខែកន្លងមកនេះ សម្រេចបានប្រមាណ ២៨០.០០០ តោន ដែលគិតជាទឹកប្រាក់សរុប ១៧៣ លានដុល្លារ ដោយការនាំចេញជាង ៥២% ទៅកាន់ប្រទេសចិន (រួមបញ្ចូលទាំង តំបន់ស្វយ័តហុងកុង និងម៉ាកាវ) ចំណែកទៅអឹរ៉ុបមានប្រមាណ ៣២% និងនាំចេញទៅ ប្រទេសសមាជិកអាស៊ាន មានខ្ទង់ ៩% ប៉ុណ្ណោះ។