មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ


(ប្រទេសជប៉ុន)៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុនតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ពិធីនេះ ក៏មានការចូលរួម ជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរ ពីឥស្សរជនជាន់ខ្ពស់ ជាច្រើនរូប រួមមាន៖ ឯកឧត្តម Taro Kono សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, ឯកឧត្តម Akira Amari សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, ឯកឧត្តម Imamura Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធ មិត្តភាពសភាកម្ពុជា-ជប៉ុន, ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម Masahiro Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ព្រមទាំងភ្ញៀវកិត្តិយសជា ឥស្សរជននយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំទ្រ ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុនជាច្រើនផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានឡើងថ្លែងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi នៃខេត្តKanagawa ប្រទេសជប៉ុន គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួម សហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាស្ពានសម្របសម្រួល ហើយមជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅ មកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយ ចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi នៃខេត្តKanagawa ប្រទេសជប៉ុន នេះ ត្រូវបានអនុញ្ញាតិជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្របតាមគោលនយោបាយ ការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីក ការនាំចេញផលិតផលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអង្គពិធី អំពីសមិទ្ធិផលថ្មីៗ ដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖

(១) ភាពជោគជ័យលើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារ បានយ៉ាងទូលំទូលាយជូនប្រជា ពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី

(២) ការសម្រេចបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ-១៩ គឺការសាងសង់ព្រលានយន្ត ហោះថ្មីចំនួន៣ (ភ្នំពេញថ្មី សៀមរាប និងកោះកុង) ការសាងសង់ផ្លូវល្បឿនលឿនថ្មី ១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ,

(៣) ការអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ នាខែតុលា ឆ្នាំ២០២១ និងការចូលជាធរមាន នៃកិច្ចព្រមព្រៀង RCEP ដែលជប៉ុនជាសមាជិកដ៏សំខាន់មួយ

និង (៤) ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី ទោះបីជាមានការរាតត្បាតនៃ ជំងឺកូវីដ-១៩ ក៏ដោយ។

នៅកិច្ចបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត បានធ្វើការវាយតម្លៃខ្ពស់អំពី តួនាទីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជា Atsugi ដែលជាស្ពានសម្រាប់ផ្សាភ្ជាប់ កាន់តែល្អប្រសើរថែមទៀត នូវទំនាក់ទំនងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណគុណចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតីឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ រួមចំណែកធ្វើអោយ កើតជារូបរាងឡើង មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដ៏ស្រស់ល្អ ដំបូងគេលើទឹកដីជប៉ុន នៅពេលនេះ៕