ទីក្រុងអណ្តែតទឹកមួយគ្រោង នឹងលេចរូបរាងឡើង នៅប្រទេសម៉ាល់ឌីវ


គម្រោងទីក្រុងអណ្ដែតទឹកមួយ កំពុងត្រៀមខ្លួនលេចចេញ ជារូបរាងពិតប្រាកដ នៅលើផ្ទៃទឹកនៃ មហាសមុទ្រឥណ្ឌា ក្នុងប្រទេសម៉ាល់ឌីវ ជាមួយនឹងទីតាំងស្ថិត នៅលើបឹងខៀវស្រងាត់ ដែលចំណាយពេលត្រឹមតែ 10 នាទី ប៉ុណ្ណោះ ពីទីក្រុង Male រដ្ឋធានីម៉ាល់ឌីវ។ គម្រោងទីក្រុងអណ្ដែតទឹកនេះ នឹងក្លាយជា ទីក្រុងបណ្តែតទឹកធំមួយ ដែលអាចឲ្យមនុស្ស 20.000 នាក់រស់នៅទីនោះបាន ជាមួយនឹងលំនៅដ្ឋានប្រមាណជា 5,000 យូនីត រួមមានផ្ទះ ភោជនីយដ្ឋាន ហាង និងសាលារៀនជាដើម។ ម្យ៉ាងវិញទៀត តាមសារព័ត៌មានបរទេសចុះផ្សាយ យូនីតដំបូងនៃគម្រោងនេះ ក៏នឹងត្រូវបានបង្ហាញ រូបរាងពិតប្រាកដ នៅក្នុងខែនេះផងដែរ ដោយអ្នកទិញអាចនឹង ចាប់ផ្តើមផ្លាស់មករស់នៅ ទីក្រុងមួយនេះ ដើមឆ្នាំ 2024 ខាងមុខ ហើយគម្រោងបញ្ចប់ ការសាងសង់ទីក្រុងទាំងមូល អាចនឹងត្រូវបញ្ចប់នៅឆ្នាំ 2027។

គម្រោងទីក្រុងអណ្ដែតទឹកនេះ គឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Dutch Docklands និងរដ្ឋាភិបាលប្រទេសម៉ាល់ឌីវតែម្ដង ក្នុងគោលបំណង ស្វែងរកដំណោះស្រាយ ជាក់ស្តែងមួយ ដែលអាចទប់ទល់នឹង ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ នាពេលអនាគត។ គួរបញ្ជាក់ថា ប្រទេស ម៉ាល់ឌីវ គឺជាប្រទេសសម្បូរដោយកោះ ដែលងាយរងគ្រោះបំផុត ក្នុងពិភពលោក ជាពិសេសការប្រែប្រួលអាកាសធាតុ។ ប្រហែល 80 ភាគរយ នៃផ្ទៃដីរបស់ប្រទេសនេះ មានកម្ពស់ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ តែមួយម៉ែត្រប៉ុណ្ណោះ។ ដូច្នេះការបង្កើតទីក្រុងអណ្ដែតទឹកនេះ គឺជាមធ្យោបាយល្អបំផុត ព្រោះថានៅពេលដែល កម្ពស់ទឹកសមុទ្រកើនឡើង ទីក្រុងនេះនឹងអណ្ដែត ទៅតាមកម្ពស់នោះផងដែរ។

ដោយឡែកយើងមកមើលពី រចនាបថនៃទីក្រុងនេះវិញម្ដង វាត្រូវបានរចនាដោយយកលំនាំតាមផ្កាថ្មសមុទ្រ ដែលជាស្នាដៃរបស់ស្ថាបត្យករ Koen Olthuis ដែលជាស្ថាបនិក ក្រុមហ៊ុនស្ថាបត្យកម្ម Waterstudio។ ចំពោះការរចនាគម្រោង ទីក្រុងនេះ លោក Koen Olthuis បាននិយាយផងដែរថា គម្រោងនេះគឺជាក្តីសង្ឃឹមថ្មីមួយ សម្រាប់ប្រជាជនជាង កន្លះលាននាក់ ដែលរស់នៅប្រទេសម៉ាល់ឌីវ។ ម្យ៉ាងវិញទៀត លោកបានអះអាង គម្រោងទីក្រុងអណ្ដែតទឹកនេះ នឹងមានលំនៅដ្ឋានតម្លៃសមរម្យ សហគមន៍ធំៗ និងទីប្រជុំជនផ្សេងៗ ដែលអាចអណ្ដែតនៅ លើទឹកដោយមាន សុវត្ថិភាពខ្ពស់ផងដែរ។