ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាល ជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញ ផលិតផលពីកម្ពុជា ដើម្បីចូលរួមលើក កម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានបញ្ជាក់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព និងសុវត្ថិភាពការងារ, ការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ, ផ្តល់កិច្ចគាំពារសង្គមដល់កម្មករ និយោជិត និងការពារពលករ ទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងផ្តល់អាទិភាព ជូនកម្មករនិយោជិតរួមទំាង កម្មករនិយោជិតជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញដោយគ្មានការរើសអើង។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយ ជោគជ័យនូវកញ្ចប់ វិធានការណ៍អន្តរាគមន៍ចំនួន ១០ជុំ រួចមកហើយ ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាបាននូវ ប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ លោកស្រីអានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អ ចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាព ចង្វាក់ផលិតកម្ម និងការនាំចេញ ផលិតផលកម្ពុជាទៅក្រៅប្រទេស។
គួរបញ្ជាក់ដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុត លើពិភពលោក ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៦២ មានទីស្នាក់ការកណ្តាល នៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២,៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការនាំចេញ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និង សង្ហារឹម គឺពេលដែលផលិតផលទាំងនេះ ត្រូវតាមស្តង់ដារអន្តរជាតិ៕