កូរ៉េខាងត្បូង ជោគជ័យបាញ់គ្រាប់រ៉ុកកែតផ្ទាល់ខ្លួន នាំយកផ្កាយរណបចូលទៅក្នុងស្ថានអវកាស


សេអ៊ូល៖ កូរ៉េខាងត្បូង សម្រេចលទ្ធផលជាផ្លែផ្កា ក្នុងការបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុងស្ថានអវកាស ជាជោគជ័យធំមួយក្នុង ប្រវត្តិសាស្ត្ររបស់កូរ៉េ ជាមួយនឹងលទ្ធភាពអាច បង្កើតជាផ្កាយរណប បានដោយខ្លួនឯងផ្ទាល់ និងបន្តបោះជំហានទៅមុខ ក្នុងការចូលរួម និងប្រកួតប្រជែង វិស័យស្ថានអវកាស ជាមួយបណ្ដាប្រទេសធំៗផ្សេងទៀត ក្នុងពិភពលោក។

កូរ៉េខាងត្បូង បាននាំយកផ្កាយរណប ផលិតក្នុងស្រុកជាលើកដំបូង ចូលទៅក្នុងស្ថានអវកាស បានដោយជោគជ័យ កាលពីថ្ងៃអង្គារកន្លងទៅនេះ វេលាម៉ោង ៤ ល្ងាច ជាការបោះជំហានធំមួយ និងបានកំណត់ក្នុងប្រវត្តិសាស្ត្រ នៃការវិវឌ្ឍន៍ខ្លួន ទៅមុខរបស់កូរ៉េខាងត្បូង ក្នុងវិស័យអវកាស។ ការនាំយកផ្កាយរណប ដែលមានឈ្មោះថា Vehicle II ឬហៅកាត់ថា Nuri នេះ ត្រូវបានធ្វើឡើង តាមរយៈនៅស្ថានីយ៍អវកាស បង្ហោះយាន្តផ្ទាល់ខ្លួន របស់កូរ៉េខាងត្បូង ក្នុងតំបន់ Goheung ភាគខាងត្បូងប្រទេស។

ប្រភពដដែលបានឱ្យដឹងថា សកម្មភាពបាញ់គ្រាប់រ៉ុកកែតនេះ ទម្រាំទទួលបាន លទ្ធផលជោគជ័យនេះ កូរ៉េខាងត្បូងត្រូវ ធ្វើតេស្ដបាញ់សាកល្បង និងបរាជ័យចំនួន ៣ ដងរួចមកហើយ ទើបសម្រេចបានភាពជោគជ័យនេះ។ លទ្ធផលដ៏ប្រសើរនេះ នឹងតម្រង់ទិស ឱ្យកូរ៉េខាងត្បូង មានលទ្ធភាពបន្ថែម ក្នុងការសិក្សាស្រាវជ្រាវអំពីស្ថានអវកាស ក៏ដូចជាលទ្ធភាពក្នុង ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដើម្បីប្រកួតប្រជែងជាមួយ ប្រទេសក្នុងតំបន់ និងយកទៅប្រើប្រាស់នៅក្នុងលំហរ។

ជាមួយគ្នានោះដែរ កូរ៉េខាងត្បូង បានប្រកាសហើយថា នាខែសីហាខាងមុខ កូរ៉េខាងត្បូង នឹងមានបេសកកម្មពិសេស ក្នុងដំណើរការឆ្ពោះទៅរក គន្លងគោចរនៃឋានព្រះច័ន្ទ ថែមទៀតផង។ ផ្កាយរណបរបស់កូរ៉េខាត្បូង ដែលបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានអវកាសនេះ មានរយៈកម្ពស់ប្រមាណ ៧០០ គីឡូម៉ែត្រ គិតពីផែនដីឡើងទៅលើ ហើយនឹងដើរតួយ៉ាងសំខាន់ ក្នុងការតាមដានព័ត៌មាន ជាច្រើនពីលើអាកាស ដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបបំផុត។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានក្លាយជាប្រទេស ឈរក្នុងលេខរៀងទី ៧ ក្នុងពិភពលោក ដែលទទួលបានជោគជ័យក្នុងការនាំយក ផ្កាយរណបអភិវឌ្ឍន៍ដោយខ្លួនឯង ចូលទៅក្នុងស្ថានអវកាស។ ប្រទេសនេះបានសាកល្បងបាញ់គ្រាប់រ៉ុកកែត ទៅស្ថានអវកាស២ លើកមកហើយ ដោយកាលពីឆ្នាំ ២០០៩ ទៅឆ្នាំ ២០១០ តែបរាជ័យ ក្រោមកិច្ចសហការណ៍ជាមួយរុស្ស៊ី និងឆ្នាំ ២០១៣ បានទទួលជោគជ័យក្នុងការបង្ហោះគ្រាប់រ៉ុកកែត និងបន្តរហូតដល់ឆ្នាំ ២០២២ ទើបសម្រេចលទ្ធផល នាំយកផ្កាយរណបបានសម្រេច៕