សន្ទុះអតិផរណានៅស្រីលង្កា បន្តកើនឡើងខ្ពស់ និងខ្ពស់បំផុតក្នុងខែឧសភា មិនធ្លាប់មានក្នុងរយៈពេល ៧ ឆ្នាំ


ប្រទេសស្រីលង្កា នៅតែបន្តប្រឈមមុខ ជាមួយនឹងបញ្ហាជាច្រើន ហើយក្នុងនោះបញ្ហាអតិផរណា គឺជាបញ្ហាដ៏ធំមួយ ដែលត្រូវធ្វើការដោះស្រាយ ព្រោះថាខែឧសភា កន្លងទៅកម្រិតអតិផរណា បានកើនឡើងខ្ពស់ ក្នុងតួរលេខគួឱ្យបារម្ភ ជាកម្រិតមួយមិនធ្លាប់មាន ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ។

កម្រិតអតិផរណា នៅប្រទេសស្រីលង្កា បានកើនឡើងខ្ពស់ក្នុង ខែឧសភាកន្លងទៅ ឈានដល់កម្រិត ខ្ពស់បំផុតមួយមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៥ មក ដោយសារតែការកើនឡើងថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន ខណៈពេលប្រទេសដែនកោះមួយនេះ បានជួបវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងទៅ។ ការកើនឡើងនេះ បានកំពុងបង្កបញ្ហាជាច្រើន ទៅដល់ប្រជាពលរដ្ឋប្រមាណជា ២២លាននាក់ នៅលើផ្ទៃប្រទេស ដែលពឹងផ្អែកលើ ការនាំចូលផលិតផលជាច្រើនពីបរទេស។

តាមការបញ្ជាក់របស់ នាយកដ្ឋានស្ថិតិជាតិ បានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ក្នុងខែឧសភា កន្លងទៅថ្មីៗនេះ បានកើនឡើងដល់ ៤៥,៣% បើធៀបនឹងឆ្នាំ ២០២១ កន្លងទៅ ហើយកម្រិតនេះបានកើនឡើងដល់ទៅ ៣៣,៨% បើធៀបទៅនឹងខែមេសា។ ជាក់ស្ដែងការកើនឡើង នៃតម្លៃស្បៀងអាហារ កើនឡើងមានដល់ទៅ ៥៨% បើធៀបនឹងឆ្នាំមុន ហើយការកើនឡើងនេះដែរ មាន ៤៥,១% កើនឡើងពីខែមេសា ដែលជាអត្រាកំណើនតម្លៃស្រាប់។

ជាមួយគ្នានោះដែរ ការកើនឡើងនៃសេវាកម្ម ដឹកជញ្ជូនកើនឡើងដល់ទៅ ៧៦,៧% បើធៀបនឹងឆ្នាំមុន និងកើនឡើង ៥២,៥% បើធៀបនឹងខែមេសា នៅពេលរដ្ឋាភិបាលស្រីលង្កា បានបង្កើនតម្លៃប្រេងសាំង រាប់បញ្ចូលទាំងប្រេងម៉ាស៊ូត កាលពីខែឧសភា។ ការកើនឡើងនេះ គឺជាការហក់ឡើងយ៉ាងខ្ពស់ មិនធ្លាប់មាននោះឡើងក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៥ មក ជាហេតុធ្វើឱ្យពលរដ្ឋ ប្រទេសនេះរងផល ប៉ះពាល់ជាខ្លាំងទៅលើ ការចំនាយចំពោះចំណីអាហារ ប្រេងឥន្ធនៈ ឧស្ម័ន ក៏ដូចជាឱសថ ជាដើម។

ស្ថិតក្នុងស្ថានការណ៍ដ៏លំបាកនេះ ការព្យាករណ៍បង្ហាញថា នឹងអាចបន្តរហូតដល់ចុងឆ្នាំ ២០២២ នេះតែម្ដង ព្រោះថាស្ថានភាពពិភពលោក បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ បានកើនឡើងគ្រប់ទីកន្លែង ហើយកង្វះខាតស្បៀងអាហារ ក៏ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរជាងមុន ក្រោមស្ថានភាពធូរស្បើយខ្លះ នៃជំងឺកូវីដ-១៩ តែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តទៅមុខ។ ដើម្បីដោះស្រាយបញ្ហាប្រឈម បច្ចុប្បន្នរដ្ឋាភិបាលស្រីលង្កា គ្រោងនឹងធ្វើកម្ចីឥណ្ឌទានពីអង្គការ IMF ចំនួន ៣ ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានភាពក្នុង ប្រទេសរបស់ខ្លួន៕