ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹង នាំចេញអង្ករចំនួន ២០ ម៉ឺនតោននៅខែក្រោយនេះ


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹង នាំចេញអង្ករទៅក្រៅប្រទេស ឱ្យបានចំនួន ២០០.០០០ តោននៅខែក្រោយនេះ។ ជាក់ស្ដែង ផែនការនេះ ត្រូវបានប្រកាសដោយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅក្នុងកិច្ចប្រជុំមួយ ជាមួយប្រធានទូទៅ នៃគណបក្សនយោបាយ ចំនួនប្រាំពីរនៅវិមានរដ្ឋ នៅមុនពេលមាន ការរុះរើគណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុន នេះបើយោងតាមកាសែតហ្សាការតាគ្លូបល។

ដូចគ្នានេះដែល តាមទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីបានប្រកាស ពីអតិរេកផលិតកម្មស្រូវ ក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ហើយបាននាំចេញសរុបចំនួន ៤ លានតោនក្នុងអំឡុងពេលនោះ។ ទិន្នន័យ BPS បានបង្ហាញថា ប្រទេសនេះផលិតអង្ករបាន ១៤,៦ លានតោនក្នុងអំឡុង ខែមករាដល់ខែមេសាឆ្នាំនេះ ដោយកើនឡើង ៧,៧% ពីចំនួន ១៣,៦ លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេល ៤ ខែដំបូង ប្រទេសឥណ្ឌូណេស៊ីបាន នាំចេញអង្ករប្រមាណ ៤៤០.០០០តោន ផងដែរ៕