គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-ក្រុងកោះកុង) ចាប់ផ្ដើមការងារបាន ៨%


គម្រោងសាងសង់ពង្រីក ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពេលនេះសម្រេចបានវឌ្ឍនភាពជាង ៨% មកហើយ ដោយគ្រោងនឹងបញ្ចប់ ក្នុងរយៈពេល ៣២ ខែ ពោលនឹងរួចរាល់នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ ក្រោមគម្រោងមូលនិធិ នៃសហប្រតិបត្តិការអភវិឌ្ឍន៍សេដ្ឋកិច្ច (EDCF) ពីសាធារណរដ្ឋកូរ៉េ ប្រមាណ ៦៥,១៤ លានដុល្លារ។

ផ្លូវជាតិលេខ ៤៨ ជាផ្លូវហាយវ៉េសេដ្ឋកិច្ចមួយខ្សែ គិតចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ផ្លូវជាតិលេខ៤ ទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង ដែលមានតម្រូវការខ្ពស់ លើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ បណ្ដាញហេដ្ឋារចនាសម្ព័ន្ធខេត្តកោះកុង។

ការលើកកម្ពស់ផ្លូវជាតិលេខ ៤៨ នឹងត្រូវធ្វើក្នុងប្រវែង ១៤៨ គីឡូម៉ែត្រ ដែលការងាររួមមាន៖

១/ ស្ថាបនាឡើងវិញផ្លូវ ២ គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រ ទទឹង ១១ ម៉ែត្រ

២/ ពង្រីកផ្លូវ ៤ គន្លងមានប្រវែង ២៥,១ គីឡូម៉ែត្រ ទទឹងចប់ពី ១៨,៥ ម៉ែត្រ ទៅដល់ ២១,៥ ម៉ែត្រ

៣/ សាងសង់ស្ពានថ្មីចំនួន ៤ កន្លែង មានប្រវែងសរុប ១១៣ ម៉ែត្រ

៤/ ដាក់លូមូលបេតុងចំនួន ១៤០ កន្លែង និងលូប្រអប់ ១៥ កន្លែង

៥/ រៀបចំផ្លូវប្រសព្វចំនួន ៥ កន្លែងនៅចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វបំបែកចូលគិរីសាគរ ចំណុចប្រសព្វចូលទំនប់វារីអគ្គិសនី និងចំណុចប្រសព្វទៅ ព្រលានយន្ដហោះខេត្តកោះកុង។

តាមការចុះត្រួតពិនិត្យការងាររបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា ការងារស្ថាបនាផ្លូវជាតិលេខ ៤៨ សម្រេចការងារបានប្រហែល ៨% ហើយ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យមើលលទ្ធភាព ពង្រីកផ្លូវជាតិលេខ ៤៨ នៅចំណុចមួយចំនួន ប្រវែង ៤,៥ គីឡូម៉ែត្រ ២ គន្លង ទៅ ៤ គន្លងបន្ថែមទៀតជាចំនុចអាទិភាព។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ នឹងជួយជំរុញបន្ថែម សក្ដានុពលតំបន់ទេសចរណ៍ ខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅ ទេសចរណ៍អន្តរជាតិសំខាន់មួយ នៅភាគនិរតីកម្ពុជា។

លើសពីនេះ ការស្ថាបនាផ្លូវជាតិលេខ ៤៨ នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងថាអាចទាក់ទាញវិនិយោគិន ជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ ក្នុងខេត្តកោះកុងផ្ទាល់ មានដូចជា៖ តំបន់សេដ្ឋកិច្ចកោះកុង, តំបន់សេដ្ឋកិច្ចពិសេសសួយឆេង, តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរកោះកុង, និងតំបន់សេដ្ឋកិច្ចពិសេសរតនា។