ផ្លូវជាតិលេខ៤ ដែលជាផ្លូវសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ ជាពិសេសការដឹកជញ្ជូនទំនិញ នាំចេញទៅអន្តរជាតិ តាមច្រកកំពង់ផែសមុទ្រកម្ពុជា ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំ គិតចាប់ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល រហូតទៅដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបែងចែកការងារចេញជា ៧ កញ្ចប់ គិតមកទល់ពេលនេះ កញ្ចប់ចំនួន ៣ សម្រេចការងារបាន ១៥% មកហើយ។
តាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ ៤៨ កាលពីម្សិលមិញ ឯកឧត្តមបានប្រសាសន៍ថា ការស្ថាបនាពង្រីកផ្លូវនេះ នឹងមានគុណភាពល្អប្រសើរ អាចទទួលយកបាន ដោយហេតុថា ស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាល មានគុណភាពល្អស្រាប់ ដោយយើងគ្រាន់តែ ស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុងកៅស៊ូ AC បន្ថែមប៉ុណ្ណោះ។ ឯកឧត្តម បន្ថែមទៀតថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង នឹងចុះមកត្រួតពិនិត្យ តាមដានគុណភាពផ្លូវជាតិលេខ៤ ដើម្បីធានាថាផ្លូវនេះ នឹងសាងសង់មាន គុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។
ចំពោះការងារស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ត្រូវអនុវត្តមានដូចជា៖
១/ ពង្រីកផ្លូវកៅស៊ូបច្ចុប្បន្ន ពីទទឹង ៧ ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ ម៉ែត្រ និងកន្លែងខ្លះ ១១ ម៉ែត្រ
២/ ពង្រីកស្ពានបេតុង និងលូចំនួន ៤៦ ទីតាំង
៣/ ការងារស្ថាបនាស្ពានថ្មីចំនួន ៨ កន្លែង
ចំពោះគម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ត្រូវចំណាយថវិកាប្រមាណ ១១០ លានដុល្លារ ជាកម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីបង្កើនសុវត្ថិភាព ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដោយហេតុថានៅឆ្នាំខ្លះ ជំនន់ទឹកភ្លៀងបានជន់លិច ផ្លូវជាតិលេខ៤ បង្កផលលំបាកដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។ ទោះបីជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមដាក់ប្រើប្រាស់សាកល្បង នៅខែកក្កដានេះក៏ដោយ ប៉ុន្តែផ្លូវជាតិលេខ៤ នៅតែជាផ្លូវអាស៊ានហាយវ៉េលេខ១១ ដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញដដែល។
កញ្ចប់ថវិកា ១១០ លានដុល្លារនេះ ត្រូវបានបែងចែកចេញជា ៧ កញ្ចប់ ក្នុងនោះ ៣ កញ្ចប់កំពុងដំណើរការសាងសង់ សម្រេចបាន ១៥% មកហើយ។ ចំណែក ២ កញ្ចប់ ក្រសួងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសាងសង់រួចហើយ និង ២ កញ្ចប់ផ្សេងទៀត ក្រសួងកំពុងជ្រើសរើស ក្រុមហ៊ុនដេញថ្លៃ ពង្រីកស្ពានចំនួន ៤៨ កន្លែងអោយបាន ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ៨ កន្លែង។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រីកផ្លូវជាតិលេខ៤ ពីផ្លូវកៅស៊ូ ៧ ទៅផ្លូវបេតុងកៅស៊ូ AC សងខាងផ្លូវបន្ថែមរហូតដល់ ១០ ម៉ែត្រទៅ ១១ ម៉ែត្រនេះ ត្រូវបានអនុវត្តចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រហូតទៅដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលផ្ដើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២១ គ្រោងបញ្ចប់នៅត្រឹម ខែធ្នូ ឆ្នាំ២០២៦។