ការនាំចេញរបស់ថៃមានសន្ទុះ ១០,៥% នាខែឧសភា បើធៀបនឹងចំនួនដូចគ្នាកាលពីឆ្នាំមុន


បាងកក៖ សេដ្ឋកិច្ចឆ្នាំ ២០២២ នេះ ថៃពឹងផ្អែកយ៉ាងខ្លាំង ជុំវិញការនាំចេញផលិតផល ជាច្រើនរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ ខណៈការពឹងផ្អែកទៅលើ វិស័យទេសចរណ៍ មានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែស្ថានការណ៍ ក្នុងពិភពលោកពុំទាន់ប្រក្រតីនៅឡើយ។ ជាមួយគ្នានេះ ការនាំចេញរបស់ថៃ នាខែឧសភា កន្លងទៅ មានសន្ទុះដល់ទៅ ១០,៥% ឯណោះ បើធៀបនឹងឆ្នាំមុន។

ប្រភពព័ត៌មានជាតិរបស់ថៃ ចុះផ្សាយព្រឹកមិញនេះបានឱ្យដឹងថា ការនាំចេញរបស់ថៃនាខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ មានសន្ទុះរហូតដល់ទៅ ១០,៥% ឯណោះ បើធៀបទៅនឹងខែ ដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺជាសន្ទុះកើនឡើងបន្ថែមពី ៩,៩% នាខែមេសា ឆ្នាំ២០២២ ដោយសារតែតម្រូវការពីសកល បានកើនឡើងខ្ពស់ជាងឆ្នាំមុន ស្របពេលការនាំចេញប្រេងឥន្ធនៈ មានសន្ទុះកើនឡើងដូចគ្នា ព្រោះសម្ពាធចេញពី សង្គ្រាមរវាងរុស្ស៊ីង និងអ៊ុយក្រែន នៅតែបន្ត។

យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋានគយនិងរដ្ឋាករថៃ បានបង្ហាញថា ទន្ទឹមនឹងការកើនឡើង នៃការនាំចេញនេះដែរ ការនាំចូលផលិតផល ពីទីផ្សារអន្តរជាតិចូល ទៅកាន់ប្រទេសថៃវិញ ក៏មានការកើនឡើង ២៤,១% ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យការនាំចេញ និងការនាំចូល មានឱនភាពគិតជាទឹកប្រាក់ប្រមាណ ១,៨៧ ពាន់លានដុល្លារអាមេរិក។ ឱនភាពការនាំចេញ និងនាំចូលនេះ ក៏ដោយសារតែ ប្រាក់បាតធ្លាក់ចុះ ស្របពេលការចំនាយ ចំពោះការនាំចូលឡើងថ្លៃ ទាំងផ្លូវគោក អាកាស និងទឹក។

បើទោះបីជាមានឱនភាព នៃវិស័យពាណិជ្ជកម្មនាខែកន្លងទៅ ក៏ដោយ ក្រសួងពាណិជ្ជកម្មរបស់ថៃ នៅតែបន្តមានភាពសុទិដ្ឋិនិយម ជុំវិញការនាំចេញរបស់ថៃដដែល ដោយគិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ នេះតទៅ ការនាំចេញរបស់ថៃ នៅតែបន្តកើនឡើង ក្នុងអត្រា ១០% ហើយការកើនឡើងនោះ នឹងមានរហូតដល់ ដំណាច់ឆ្នាំតែម្ដង។ គួរបញ្ជាក់ថា ការកើនឡើងនៃការនាំចេញ ផលិតផលថៃទៅកាន់ ទីផ្សារអន្តរជាតិនេះ បានកើនឡើងជា បន្តបន្ទាប់អស់រយៈពេល ១៥ ខែមកហើយ គិតចាប់ពីឆ្នាំ ២០២១ មក៕