រដ្ឋាភិបាលបារាំង នឹងជួយលើកមុខមាត់ វិស័យទេសចរណ៍ និងការវិនិយោគនៅខេត្តបាត់ដំបង ឱ្យកាន់តែប្រសើរ


បាត់ដំបង៖ រដ្ឋាភិបាលបារាំង ស្ថិតក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈអភិបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានសន្យាថានឹងជួយ លើកមុខមាត់ខេត្តមួយនេះ ឱ្យកាន់តែប្រសើរជាងមុន ពិសេសនៅក្នុងវិស័យទេសរណ៍ និងវិនិយោគ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពរីកចម្រើន ថែមមួយកម្រិតទៀត។

ស្ថិតក្នុងជំនួបកិច្ចប្រជុំរវាង លោកអភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុន លូ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) រដ្ឋាភិបាលបារាំង បានលើកឡើងថា នឹងជួយជ្រោមជ្រែងវិស័យទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែប្រសើរ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឱ្យទៅកំសាន្ត ឱ្យបានកាន់តែច្រើន។ ដើម្បីឱ្យផែនការនេះជោគជ័យ គឺត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌសតវត្សរ៍ទី ២០ ឱ្យបានគង់វង្ស។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង បានបន្ថែមទៀតថា ដើម្បីជម្រុញឱ្យមាន ភ្ញៀវទេសចរកាន់តែច្រើន ក៏ដូចជាការវិនិយោគ កម្ពុជា និងបារាំង ត្រូវធ្វើការសិក្សាអំពី ប្លង់លម្អិតជាមុនសិន ដោយធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង ក្រោមការបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍឱ្យកាន់តែរីកចំរើនឡើង ក៏ដូចជាបន្តធ្វើការផ្សព្វផ្សាយ ទៅដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនផងដែរ។ ជាក់ស្ដែងរដ្ឋបាលខេត្តបាត់ដំបង បានខិតខំក្នុងការថែរក្សា សំណង់អគារបុរាណ ធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឱ្យរក្សាលំនាំដើមនៃសំណង់អគារ ដែលសល់ពី សម័យអាណានិគមបារាំងផងដែរ។

គួរបញ្ជាក់ថា គម្រោងការនៃការជម្រុញ វិស័យទេសចរណ៍ខេត្ត និងការវិនិយោគនេះ ធ្វើឡើងស្របពេលដែល ព្រលានយន្តហោះបច្ចុប្បន្ន នឹងកែប្រែខ្លួន ទៅជាអាកាយានដ្ឋានប្រភេទ 4C ដូចទៅនឹងអាកាសយានដ្ឋាននៅក្នុង ខេត្តសៀមរាបបច្ចុប្បន្នផងដែរ។ ការរៀបចំអាកាសយានដ្ឋាននេះ នឹងលើកស្ទួយវិស័យទេសចរណ៍ របស់ខេត្តជាខ្លាំង ថែមទាំងបើកឱកាស ឱ្យវិនិយោគិន មកបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តមួយនេះ កាន់តែច្រើនជាងមុន៕