រថភ្លើង ប៉េកាំង-សៀងហៃ មានល្បឿនដល់ ៦០០ គីឡូម៉ែត្រ/ម៉ោង ត្រូវបានគេចាត់ទុក ជាមធ្យោបាយធ្វើដំណើរ លឿនជាងគេបំផុតនៅលើដី


ក្រោយពីចំណាយពេល ប៉ុន្មានឆ្នាំកន្លងទៅ ទីបំផុតរថភ្លើងលឿនបំផុត លើពិភពលោក បានចូលមកដល់ស្ថានីយ៍ និងត្រៀមបម្រើការ ធ្វើដំណើរហើយ ក្រុមហ៊ុន China Railway Rolling Stock Corporation បានបញ្ចេញផលិតផល រថភ្លើងល្បឿនលឿនរបស់ខ្លួន ទៅមួយកម្រិតទៀត ដោយបច្ចេកវិទ្យថ្មីនេះ រថភ្លើងអាចរត់ដល់ល្បឿអតិបរមា ៦០០ គីឡូម៉ែត្រ/ម៉ោង ជាមធ្យោបាយធ្វើដំណើរ លឿនជាងគេបំផុត នៅលើដី ហើយល្បឿនរបស់វា ប្រហែលពាក់កណ្ដាល នៃល្បឿនសម្លេង (១.២៣៤ គីឡូម៉ែត្រ/ម៉ោង)។

ល្បឿននៃរថភ្លើង Bullet Train ថ្មីនេះមិនត្រឹមតែ ជារថភ្លើងលឿនជាងគេបំផុតនោះទេ ប៉ុន្តែជាមធ្យោបាយធ្វើដំណើរលឿន ជាងគេបំផុតនៅលើដី (លើកលែងមធ្យោបាយ ធ្វើដំណើរលើអាកាស ដូចជាយន្ដហោះ គ្រាប់រ៉ុកកែក និងអាប៉ូឡូ -ល-) ដែលគេអាចធ្វើដំណើររវាង ប៉េកាំង-សៀងហៃ មានចម្ងាយ ១.២១៣ គីឡូម៉ែត្រ ដោយចំណាយពេលត្រឹម ២ ម៉ោងកន្លះប៉ុណ្ណោះ។ ខណៈដែល ការធ្វើដំណើរតាមយន្ដហោះ ត្រូវចំណាយពេល ៣ ម៉ោង, តាមរថភ្លើងល្បឿនលឿនបច្ចុប្បន្ន ត្រូវចំណាយពេល ៥ ម៉ោងកន្លះ និងតាមរថយន្ដត្រូវ ចំណាយពេលដល់ជិត ១២ ម៉ោង ហើយត្រូវគេចាត់ទុកថានេះ ជាបទពិសោធន៍ ធ្វើដំណើរថ្មីមួយទៀត នឹងទាក់ទាញការ ធ្វើដំណើរបែបទេសចរណ៍ និងទេសចរណ៍ជំនួញក្នុងប្រទេសចិន។

បច្ចេកវិទ្យានៃរថភ្លើងល្បឿនលឿនថ្មីនេះ គេហៅថា Magnetic Levitation ជាទំនាញមេដែករុញតួរថភ្លើងអោយឡើងខ្ពស់ អាចកាត់បន្ថយកម្លាំងកកិត ហើយបច្ចេកវិទ្យានេះប្រើកម្លាំង អេឡិចត្រូម៉ាញេទិក ដើម្បីរុញតួភ្លើងទៅមុខតាម ផ្លូវដែកក្នុងល្បឿនលឿន ដើម្បីអាចឈានដល់ល្បឿនអតិបរមា ៦០០ គីឡូម៉ែត្រ/ម៉ោង។

មកទល់ពេលនេះ គេមិនទាន់ដឹងថា រថភ្លើងល្បឿនលឿននេះ នឹងដាក់ប្រើប្រាស់ ចាប់ពីពេលណានោះទេ ប៉ុន្តែគេដឹងថា រថភ្លើងនេះគឺជាផលិតផលសម្រេចហើយ មិនមែនជារថភ្លើងគំរូដូចកាលពីឆ្នាំ ២០១៩ នោះទេ ហើយបច្ចេកវិទ្យា Magnetic Levitation រថភ្លើងល្បឿនលឿនបែបនេះ យើងធ្លាប់បានឃើញក្រុមហ៊ុនជប៉ុន The Central Japan Railway បានបង្ហាញកាលពីឆ្នាំ ២០១៧ រួចមកហើយ គ្រាន់តែការដាក់ប្រើប្រាស់ជាផ្លូវការ ត្រូវរង់ចាំដល់ឆ្នាំ ២០២៧ ឯណោះ។

រីករាយទស្សនាវីដេអូចំណេះដឹងខ្លី ពីកំពូលរថភ្លើងដែលលឿនជាងគេទាំង ១០