គម្រោងសាងសង់ផ្លូវជាតិលេខ១០ ក៏នឹងមានសាងសង់ស្ពានកម្ពស់ចាប់ពី ៧៥ ម៉ែត្រ ដែលនឹងក្លាយជាស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា


ផ្លូវជាតិលេខ១០ ជាគម្រោងសាងសង់ផ្លូវថ្មី មានប្រវែង ១៩៧ គីឡូម៉ែត្រ តភ្ជាប់តាំងពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លង់កាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់នូវតំបន់ព្រៃភ្នំ ជ្រលង ដងអូរ នៃតំបន់ជួរភ្នំក្រវាញ ហើយមានការចំណាយពេល សាងសង់យូរ និងប្រើប្រាស់បទដ្ឋានបច្ចេកទេសកម្រិត ៣ របស់ចិន សមស្របទៅនឹង ស្ថានភាពផ្លូវភូមិសាស្ត្រព្រៃភ្នំផងដែរ។

យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ផ្លូវជាតិលេខ១០ នឹងត្រូវសាងសង់ស្ពានឆ្លងកាត់ជ្រលង ដងអូរ ចំនួន ២៣ កន្លែងមានប្រវែងសរុប ១.៧២១ ម៉ែត្រ ក្នុងនោះមានស្ពានមួយខ្សែ ត្រូវឆ្លងកាត់ជ្រលង មានកម្ពស់ចន្លោះពី ៧៥ ម៉ែត្រទៅដល់ ៨៥ ម៉ែត្រ គិតពីផ្ទៃបាតទឹករហូតតួស្ពាន និងមានប្រវែង ៥៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ នឹងក្លាយទៅជា ស្ពានខ្ពស់ជាងគេបំផុត នៅប្រទេសកម្ពុជា អាចមើលឃើញ ទេសភាពជ្រលងភ្នំ ដ៏ខ្ពស់នៅក្នុងតំបន់នោះ។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានការជ្រើសរើសនូវគន្លងផ្លូវថ្មី មានប្រវែង ៦៥ គីឡូម៉ែត្រ ដើម្បីពង្វាងពីភ្នំក្រវាញ ដោយសារតែ បញ្ចៀសផលប៉ះពាល់ នៃជម្រកសត្វព្រៃ និងបញ្ហាប៉ះពាល់បរិស្ថានផ្សេងៗ ដូចនេះផ្លូវជាតិលេខ១០ ជាផ្លូវមានតំបន់បត់កោងចុះឡើង និងឡើងចុះចំណោតខ្ពស់ជាដើម។

យោងតាមការចុះត្រួតពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតមកទល់ពេលនេះ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ សម្រេចការងារសាងសង់បាន ៦៤% មកហើយ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលបានបន្ទុកសាងសង់ គ្រោងចំណាយថវិកា ១៨៨ លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន នឹងគ្រោងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។