ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចការងារបាន ៨០% គ្រោងបញ្ចប់ត្រឹមចុងឆ្នាំ ២០២៣


គម្រោងស្ថាបនាផ្លូវជាតិលេខ៥ ភាគខាងត្បូង ដែលគិតចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតទៅដល់ធ្លាម្អម ខេត្តពោធិ៍សាត់ សម្រេចការងារបានប្រមាណ ៨០% មកហើយ ដោយត្រៀមនឹង បញ្ចប់ត្រឹមចុងឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលគម្រោងផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធដាក់ប្រើប្រាស់ រួចមកហើយ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ និងផ្លូវជាតិលេខ៥ ដំណាក់កាលចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) បានបើកការដ្ឋាន សាងសង់កាលពីខែមេសា ឆ្នាំ២០២២។

តាមការចុះត្រួតពិនិត្យការងារ ពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ត្រូវឆ្លងកាត់ខេត្តចំនួន ៥ រួមមាន ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះ ត្រូវបានបែងចែកចេញជា ៣ ផ្នែកធំៗដូចជា ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ), ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង), និងភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។ គម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ទាំងមូល គ្រោងចំណាយថវិកា ៥០០ លានដុល្លារ គឺជាកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។

ដោយឡែក ចំពោះគម្រោងផ្លូវជាតិលេខ៥ ភាគខាងត្បូង មានប្រវែង ១៣៥ គីឡូម៉ែត្រ ត្រូវបានបែងចែកចេញជា ៣ កញ្ចប់ការងារ ទទួលបន្ទុកពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Katahira & Engineer International Joint Venture with Oriental Consultant Global គ្រោងចំណាយថវិកាប្រមាណ ២៤៦ លានដុល្លារ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ កាលពីខែឧសភា ឆ្នាំ២០១៨ គិតមកទល់ពេលនេះ សម្រេចការងារបាន ៨០% មកហើយ នឹងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៣ ខាងមុខ។

តាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ក្នុងនោះយើងបានពង្រីកផ្លូវ ២ គន្លងទៅ ៤ គន្លង (មានទទឹង ២៣ ម៉ែត្រ) សរុបប្រវែង ៣០៤ គីឡូម៉ែត្រ ដោយលើកកម្ពស់ពីផ្លូវ DBST ទៅជាផ្លូវបេតុងកៅស៊ូ AC មានប្រព័ន្ធលូសងខាង និងសួនច្បារនៅចំកណ្ដាលផ្លូវ។

លើសពីនេះទៀត គម្រោងនេះបានសាងសង់ ផ្លូវក្រវ៉ាត់ថ្មីចំនួន ៥ ខ្សែ សរុបប្រវែង ៦២ គីឡូម៉ែត្រ ដើម្បីវាងតំបន់ប្រជុំជនឧត្តុង, ក្រុងកំពង់ឆ្នាំង, ក្រុងពោធិ៍សាត់, ក្រុងបាត់ដំបង, និងក្រុងសិរីសោភ័ណ រួមទាំងការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មីៗសរុប ៨០ កន្លែង។

ផ្លូវជាតិលេខ៥ ជាផ្លូវត្រូវការពេលសាងសង់វែង ដោយសារមានប្រវែងវែង រហូតដល់ ៣៦៦ គីឡូម៉ែត្រ ជាផ្លូវបេតុងកៅស៊ូ AC និងត្រូវពង្រីកទំហំទទឹង ២៣ ម៉ែត្រប្រវែង ៣០៤ គីឡូម៉ែត្រ ថែមទាំងជាផ្លូវសាងសង់គិតគូរ ពីគុណភាពប្រើប្រាស់បានយូរ និងសោភ័ណភាពផងដែរ។ ផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ការធ្វើដំណើរក្នុងតំបន់ ជាពិសេសការដឹកជញ្ជូនទំនិញ ឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម និងកំពង់ផែទៅឈូងសមុទ្រ កាត់តាមប្រទេសកម្ពុជា។

គម្រោងស្ថាបនាផ្លូវជាតិលេខ៥ នឹងជួយជំរុញកម្ពុជា សម្រេចបាននូវគោលដៅ ក្លាយទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសកាត់បន្ថយថ្លៃដឹកជញ្ជូន បម្រើខ្សែសង្វាក់ផលិតកម្ម ពង្រីងការនាំចេញទំនិញ ជាមួយប្រទេសជិតខាង និងទាក់ទាញវិនិយោគិនជាដើម។