ធនាគារពិភពលោក បន្តមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចថៃ ពេញមួយឆ្នាំនេះ នឹងបន្តកើនឡើងប្រសើរជាងឆ្នាំមុន


បាងកក៖ ធនាគារពិភពលោក បានធ្វើការព្យាករណ៍អំពី ស្ថានភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់ថៃ ជាច្រើនលើករួមកហើយ ដោយក្នុងនោះការព្យាករណ៍ លើកចុងក្រោយ ក៏នៅតែបន្តមានភាពវិជ្ជមាន បើទោះបីជាថៃកំពុង ប្រឈមមុខនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងភាពមិនប្រក្រតី នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ។ ឈានដល់ដំណាច់ត្រីមាសទី២ នេះ ធនាគារពិភពលោក នៅតែបន្តជឿជាក់ថា សេដ្ឋកិច្ចថៃ នឹងបន្តកើនឡើងប្រសើរជាងឆ្នាំ ២០២១។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីថ្ងៃ ២៩ មិថុនានេះ បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់ថៃ នៅពេញមួយឆ្នាំ ២០២២ នេះ នឹងមានកំណើនយ៉ាងហោចណាស់ ២,៩% បើធៀបទៅនឹងរយៈពេលពេញមួយឆ្នាំ ២០២១ កន្លងទៅ។ ការលើកឡើងនេះ ធ្វើឡើងដោយ ការវាយតម្លៃរបស់ ធនាគារពិភពលោក ដោយមើលទៅលើ កត្តាជាច្រើនជុំវិញសកម្មភាព និងស្ថានភាពនៅក្នុងប្រទេស ក៏ដូចជាសកលលោកនាពេលបច្ចុប្បន្ន។

តាមការព្យាករណ៍របស់ ធនាគារពិភពលោកបានឱ្យដឹងថា ដោយសារតែពិភពលោក កំពុងដើរទៅរកស្ថានភាពដូចមុនឆ្នាំ ២០២០ បានជម្រុញឱ្យ ការនាំចេញផលិតផលរបស់ថៃ កើនឡើងច្រើនជាងឆ្នាំមុន និងជាប្រទេសឧស្សាហកម្មធំជាងគេទី២ ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការកើនឡើង។ ម្យ៉ាងទៀត វិស័យឯកជននឹងចាប់ផ្ដើម មានដង្ហើមឡើងវិញ ដោយសារការបើក ដំណើរការប្រទេស ដោយកំណត់គ្រប់តំបន់ជាតំបន់បៃតង ពិសេសវិស័យទេសចរណ៍ ដែលធ្លាប់បាន រងគ្រោះយ៉ាងធ្ងន់ធ្ងរ ចាប់ផ្ដើមទទួលស្វាគមន៍ ភ្ញៀវពីគ្រប់ទិសទី។

កត្តាជាច្រើនទាំងអស់នេះ គួបផ្សំនឹងនយោបាយរបស់រដ្ឋាភិបាល ក្នុងការសម្រួល ទៅដល់អត្រាការប្រាក់ នៃកម្ចីឥណទាន ក៏ដូចជាការសម្រួលសម្រួល សេដ្ឋកិច្ចផ្ទៃក្នុងជាច្រើនផ្សេងទៀត គឺជាមូលហេតុ ដែលជម្រុញឱ្យកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ នេះកើនឡើង ដោយនឹងអាចកើនឡើង ជាបន្តបន្ទាប់ទៀតនាឆ្នាំក្រោយ។ ជាក់ស្ដែង ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចថៃអាចនឹងកើនឡើង ៤,៣% ក្នុងឆ្នាំ ២០២៣ និងចុះទៅ ៣,៩% វិញនាឆ្នាំ ២០២៤ ខាងមុខ។

គួរបញ្ជាក់ថា នាខែមេសា កន្លងទៅ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចថៃ ឆ្នាំ២០២២ អាចនឹងមានកំណើន ២,៩% តែជាអត្រាធ្លាក់ចុះ ០,៧% បើធៀបទៅនឹង ការព្យាករណ៍លើកមុន។ ឈានដល់ដំណាច់ត្រីមាសទី២ ការព្យាករណ៍ ត្រូវបានរក្សានៅអត្រាដដែល ក្រោមការចូលរួម បន្ថែមពីការបើកប្រទេស និងវិស័យទេសចរណ៍ឡើងវិញ កាន់តែប្រសើរជាងលើកមុន៕