ផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស ៥មករា ដល់ផ្សារធំថ្មី កំពុងត្រូវបានជួសជុលជង្ហុក សម្បុកមាន់ និងអ៊ុតកៅស៊ូ


រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុល ជង្ហុកសម្បុកមាន់ និងអ៊ុតកៅស៊ូ កំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស ៥មករា ដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការ លើកសោភណភាពក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ស័ក្តិសមជាទីក្រុង ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយអនុវត្តន៍ តាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាននឹងកំពុងធ្វើ សកម្មភាពជួសជុលជង្ហុក សម្បុកមាន់ និងអ៊ុតកៅស៊ូលើ កំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពាន អាកាស ៥មករា ដល់ផ្សារធំថ្មី ដោយឆ្លងកាត់ ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ ក្រោយពីកំណាត់ ផ្លូវនេះមាន ការខូចខាតដោយកន្លែង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុល និងអ៊ុតកៅស៊ូឡើងវិញទាំងស្រុង តែម្តង។

ចំពោះការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបាន បញ្ជាក់ពីការ បញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោកបញ្ជាក់ថា ពេលនេះជារដូវ ភ្លៀងធ្លាក់ យើងមិនអាច កំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋាន គឺមិនអាចដំណើរការ ទៅបាននោះទេ៕