សន្ទស្សន៍បរិយាកាសធុរកិច្ចអឺរ៉ុប នៅប្រទេសវៀតណាម មានការធ្លាក់ចុះ នៅក្នុងត្រីមាសទី 2


សន្ទស្សន៍បរិយាកាសធុរកិច្ចអឺរ៉ុប នៅប្រទេសវៀតណាមបានធ្លាក់ចុះពី 4.4 ដល់ 68.8 ពិន្ទុ រវាងត្រីមាសទី 1 និងទី 2 ដោយសារតែការកើនឡើងតម្លៃទំនិញ នៅទូទាំងពិភពលោក និងភាពតានតឹង ភូមិសាស្ត្រនយោបាយ។ លើសពីនេះ កំណើនសក្តានុពលរបស់វៀតណាម ត្រូវបានមើលឃើញថា ពុំសូវទទួលបានការពេញចិត្ដ ពីសហគ្រាសធុរកិច្ចអឺរ៉ុប ច្រើនប៉ុន្មាននោះទេ។ ជាក់ស្ដែងតាមការស្ទង់មតិ លើសមាជិកធុរកិច្ចអឺរ៉ុប មានតែ 60% ប៉ុណ្ណោះ ដែលបានមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចវៀតណាមអាច នឹងមានស្ថេរភាព ឬកាន់តែប្រសើរឡើង នៅក្នុងត្រីមាសទី 3 ឆ្នាំ 2022 ខាងមុខ។ ខណៈដែលការស្ទង់មតិ កាលពីមុនត្រីមាសទី 2 មានរហូតដល់ទៅ 69% ឯណោះ។ ពោលគឺមានការធ្លាក់ចុះ 9% នេះបើតាមរបាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយសភាពាណិជ្ជកម្មអឺរ៉ុប នៅវៀតណាម (EuroCham)។

តាមការស្ទង់មតិលើអ្នកធុរកិច្ចអឺរ៉ុប មានប្រហែល 45% បានឲ្យដឹងទៀតថា ឧបសគ្គមួយចំនួនផ្សេងទៀត ដែលធ្វើឲ្យពួកគេ បាត់បង់សុទិដ្ឋិនិយម លើបរិយាកាសធុរកិច្ច ក្នុងប្រទេសវៀតណាមនេះ គឺដោយសារ នីតិវិធីរដ្ឋបាលរារាំង សមត្ថភាពរបស់ពួកគេ ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ដែលបង្ហាញពីការលំបាក របស់ក្រុមហ៊ុនបរទេស ក្នុងការដំណើរការ ការិយាធិបតេយ្យរបស់វៀតណាម។ តែយ៉ាងណាមិញ អ្នកដឹកនាំធុរកិច្ចអ៊ឺរ៉ុបភាគច្រើន នៅតែមានការរំភើបចិត្ត ចំពោះការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះមានប្រហែល 76% រំពឹងថាក្រុមហ៊ុនរបស់ពួកគេ នឹងអាចបង្កើនការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសវៀតណាម មុនដំណាច់ត្រីមាសនេះ។

លើសពីនេះ អ្នកធុរកិច្ចអឺរ៉ុបភាគច្រើន ក៏កំពុងចាប់អារម្មណ៍លើ កំណើនសេដ្ឋកិច្ចបៃតង របស់ប្រទេសវៀតណាមផងដែរ។ ជាទស្សនៈវិជ្ជមាន មានអ្នកធុរកិច្ចចំនួន 79% និយាយថា ការវាយតម្លៃរបស់ពួកគេ អំពីសក្ដានុពល នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង របស់វៀតណាម គឺមានភាពប្រសើរឡើង ពីត្រីមាសទីមួយ។ ដូចគ្នានេះដែរ ប្រធានសមាគមន៍ EuroCham ផ្ទាល់ លោក Alain Cany បាននិយាយថា បើទោះបីជាភាពសុទិដ្ឋិនិយម អ្នកដឹកនាំធុរកិច្ចអឺរ៉ុប បានថយចុះ ចាប់តាំងពីត្រីមាស ចុងក្រោយនេះ ក៏ដោយ កត្តាដែលប៉ះពាល់ភាគច្រើន ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលវៀតណាម។