ប្រទេសថៃរំពឹងថា នឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង 9 លាននាក់ នៅឆ្នាំ 2022 នេះ


យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាកន វ៉ាងប៊ុនគង់ចាណា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា បានបង្ហាញសុទិដ្ឋិនិយមថា ក្នុងឆ្នាំ 2022 នេះ ប្រទេសថៃរំពឹងថានឹង ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណចំនួនជាង 9លាននាក់ ដែលនឹងស្មើនឹង ប្រាក់ចំណូលចំនួន 1.27 ទ្រីលានបាត ឬ 35.6 ប៊ីលានដុល្លារអាមេរិក នៅត្រឹមចុងឆ្នាំនេះ។ ជាក់ស្ដែង ប្រមុខរដ្ឋាភិបាលថៃ ត្រូវបានគេជូនដំណឹង អំពីការប្រែប្រួលកំណើន នៃចំនួនភ្ញៀវទេសចរ ដែលទៅដល់ប្រទេសថៃ ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយសារតែ ការរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ផ្តើមមានភាពធូរស្រាល នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន VN express

លើសពីនេះ បើគិតពីចំនួនភ្ញៀវទេសចរ រាប់ចាប់ពីខែមករា ដល់ថ្ងៃទី 28 ខែមិថុនា ប្រទេសថៃបានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ទៅចំនួន 1.9 លាននាក់ទៅហើយ ដែលស្មើនឹង ប្រាក់ចំណូលរកបាន 114 ប៊ីលានបាត។ ក្នុងចំណោមនោះ ភ្ញៀវទេសចរដែលបាន ទៅដល់ប្រទេសថៃ ច្រើនជាងគេតាមផ្លូវអាកាស រួមមានជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាមេរិក ខណៈដែលជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងជនជាតិចិនស្ថិត ក្នុងចំណោមអ្នកទៅដល់ តាមព្រំដែនគោកច្រើនជាងគេ។ នេះក៏ដោយសារតែ រដ្ឋាភិបាលថៃ សម្រេចលុបចោល នៃតម្រូវការសម្រាប់ Thai Pass បានធ្វើឱ្យពាណិជ្ជកម្ម ឆ្លងព្រំដែនមាន ភាពរស់រវើកឡើងវិញ ដោយចំនួនអ្នកធ្វើដំណើរបរទេស ដែលចូលតាមច្រកព្រំដែន បានវិលត្រលប់មកវិញ នូវកម្រិតខ្ពស់បំផុត ធៀបក្នុងរយៈពេលពីរឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែនេះរហូតដល់ចុងខែកញ្ញា ក្រសួងទេសចរណ៍ ប្រទេសថៃបានព្យាករណ៍ថា ភ្ញៀវទេសចរអន្តរជាតិប្រហែល 2.7 លាននាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសនេះ ហើយនៅត្រីមាសចុងក្រោយនេះ នឹងមានភ្ញៀវទេសចរអន្ដរជាតិ ប្រហែល 4.5 លាននាក់ ត្រូវបានគេរំពឹងថានឹង ទៅដល់ប្រទេសនេះ ដែលមានន័យថា ភ្ញៀវបរទេសសរុបចំនួន 9.3 លាននាក់ត្រូវបានគេ រំពឹងទុកនៅក្នុងឆ្នាំនេះ។ សរុបមក ប្រាក់ចំណូលពីវិស័យទេសចរណ៍ នៅក្នុងឆ្នាំនេះ ទំនងជាកើនឡើងដល់ទៅ 1.27 ទ្រីលានបាត៕