ប្រទេសថៃ រំពឹងថានឹងក្លាយជា ប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោកនៅឆ្នាំនេះ


បន្ទាប់ពីការនាំចេញអង្ករ របស់ប្រទេសថៃ ក្នុងរយៈពេលប្រាំមួយខែដំបូង នៃឆ្នាំនេះ បានកើនឡើង 56.6% ដែលស្មើនឹង 3.5 លានតោន និងបាននាំមកនូវ ប្រាក់ចំណូលចំនួន 60.93 ពាន់លានបាត (ប្រហែលស្មើនឹង 1.7 ពាន់លានដុល្លារ) និងជាការកើនឡើង 42.9% បន្ថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អមួយ សម្រាប់កសិករថៃ ហើយប្រទេសថៃ ក៏រំពឹងថានឹងអាច យកឈ្នះវៀតណាម ដើម្បីក្លាយជាប្រទេសនាំចេញ អង្ករធំជាងគេទីពីរ របស់ពិភពលោក ប្រសិនបើប្រទេសថៃ អាចនាំចេញអង្ករបានជាង 7 លានតោននៅឆ្នាំនេះ។

ជាក់ស្ដែង ដោយយោងតាមស្ថិតិ របស់សមាគមអ្នកនាំចេញអង្ករថៃ និងនាយកដ្ឋានគយ (TREA) ប្រទេសថៃបានឲ្យដឹងថា ប្រទេសថៃបាននាំចេញ អង្ករក្នុងខែមិថុនាតែឯង មានប្រមាណចំនួន 764,131 តោនទៅហើយ ដែលមានតម្លៃស្មើនឹង 13,12 ពាន់លានបាត និងជាការកើនឡើង 69,4% និង 57,1% រៀងគ្នា បើធៀបនឹងចំនួន 450,973 តោន ដែលមានតម្លៃ 8,35 ពាន់លានបាត កាលពីក្នុងខែឧសភា កន្លងទៅ។ ចំណែកឯ ប្រទេសវៀតណាមបាន នាំចេញអង្ករចំនួន 2.77 លានតោន ដែលមានតម្លៃ 1.35 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំនេះ កើនឡើង 6.95% និង 4.26% ពីមួយឆ្នាំទៅមួយឆ្នាំ។

តែទោះបីជាយ៉ាងណាក៏ដោយ លោក Chalermchai Sree-on បានគូសបញ្ជាក់ដែរថា មានកត្តាជាច្រើន ដែលអាចប៉ះពាល់ ដល់ការនាំចេញអង្ករ របស់ប្រទេសថៃ នៅក្នុងឆមាសទីពីរ នៃឆ្នាំនេះផងដែរដូចជា បញ្ហាតម្លៃប្រាក់បាត ផលិតភាពរបស់ អ្នកនាំចេញអង្ករសំខាន់ៗ ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន លើថ្លៃដើមផលិតកម្ម និងការធ្លាក់ចុះសេដ្ឋកិច្ចនៃ COVID-19 ជាដើម។ ដូច្នេះតាមការព្យាករណ៍របស់ TREA បញ្ជាក់ថា ប្រទេសថៃអាចនឹងត្រូវ នាំចេញអង្ករឲ្យខ្ពស់ជាងផែនការ 7 លានតោនទើបបាន ពោលគឺយ៉ាងហោចណាស់ក៏ 8 លានតោនដែរ ដើម្បីនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ 2022 នេះ ដែលបរិមាណចំនួន 8 លានតោននេះ នឹងបង្កើតប្រាក់ចំណូលចំនួន 130 ពាន់លានបាត ធៀបនឹង 110 ពាន់លានបាតកាលពីឆ្នាំ 2021។