“កម្ពុជាហាវេស III” ជាគម្រោងមួយផ្នែក ដែលចូលរួមគាំទ្រដល់ កំណើនសេដ្ឋកិច្ចកម្ពុជា និងជំនួយដល់វិស័យកសិកម្ម ឱ្យកាន់តែទំនើប


បើយោងតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើការថ្លែងថា គម្រោង "កម្ពុជាហាវេស III" នឹងចូលរួមចំណែក គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងជួយជំរុញវិស័យកសិកម្ម ឱ្យកាន់តែទំនើប ជាពិសេសមានភាពប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាព វិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញ ការនាំចេញ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងបែបនេះ ក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ កាលពីថ្ងៃទី ០៩ខែសីហាឆ្នាំ២០២២ កន្លងទៅ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារ ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណង លើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូល ក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ ក្នុងពេលដែលពិភពលោក កំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹង សុវត្ថិភាពស្បៀង អាហាររបស់ខ្លួន ដូច្នេះគម្រោង "កម្ពុជាហាវេស III" នេះ គឺបង្ហាញឲ្យឃើញពីការ ប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវបាន ប្រកាសជាផ្លូវការ កាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេល ការធ្វើទស្សនកិច្ច របស់លោកនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា វិស័យឯកជនកំពុងដើរ តួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិតភាព និងការប្រកួតប្រជែង ធានាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល។ ដោយឡែក គម្រោងខាងលើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រផ្នែកធនធានថវិកា សម្រាប់ ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេស ផលិតដល់វិស័យឯកជន ពិសេសសហគមន៍កសិកម្ម តាមរយ: 

១. ការបង្កើនទុនវិនិយោគ ដើម្បីពង្រឹងផលិតភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់

២. ការពង្រឹងសមត្ថភាពកែច្នៃ និងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន

៣. ការបង្កើនបរិមាណកសិផលចូលទីផ្សារ 

៤. ការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យ តាមរយៈការជំរុញឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ អ្នកគ្រប់គ្រងគម្រោង ឲ្យបន្តពង្រឹងកិច្ចសហការ ជាមួយអង្គភាពជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យការអនុវត្តន៍គម្រោង ឲ្យដំណើរទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ពិតប្រាកដ ជូនប្រជាកសិករ និងសហគមន៍កសិកម្ម។

សូមបញ្ជាក់ថា គម្រោងនេះ នឹងធ្វើការជាមួយ ដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាស ទីផ្សារនានានៅក្នុង វិស័យកសិកម្ម តាមរយៈការចាប់ដៃគូ ជាមួយនឹងវិស័យឯកជន។ គម្រោងនឹងបន្ត ធ្វើការអភិវឌ្ឍន៍ទៅលើការងារដែល USAID បានធ្វើកន្លងមក ដើម្បីលើកស្ទួយ ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការ ជាមួយវិស័យឯកជន គម្រោងនឹងជួយ លើកកម្ពស់ជីវភាពប្រជាជន ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំ ខាងមុខនេះ USAID រំពឹងថានឹងជំរុញ ឲ្យមានការវិនិយោគពីឯកជន ក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជន ឲ្យទទួលបានហិរញ្ញវត្ថុ លើវិស័យកសិកម្មទំហំ ១៥ លានដុល្លារ និងបង្កើនការលក់ កសិផលឱ្យបាន ១០០លានដុល្លារ ៕