ក្រុមហ៊ុន China Media Group បានរាយការណ៍កាលពី ថ្ងៃអង្គារថា ផ្លូវដែកព្យួរ Maglev (Magnetic levitation) ដំបូងបង្អស់ របស់ប្រទេសចិន ដែលមានឈ្មោះថា Xingguo បានដំណើរការសាកល្បង លើផ្លូវដែកព្យួរប្រវែង 800 ម៉ែត្រ នៅក្នុងតំបន់ Xingguo ទីក្រុង Ganzhou ខេត្ត Jiangxi ភាគខាងកើតនៃប្រទេសចិន។ ជំនួសឱ្យកង់កៅស៊ូ ដោយការប្រើមេដែក រក្សាទម្ងន់រថភ្លើង ដែលបានបំពាក់ជាមួយ ផ្លូវដែកព្យួរនៅចំកណ្តាល។ បច្ចេកទេសអេឡិចត្រូម៉ាញេទិក ដែលធានាបាននូវការកកិត បានយ៉ាងល្អឥតខ្ចោះ ក្នុងអំឡុងពេលប្រតិបត្តិការរបស់វា។
បើប្រៀបធៀបជាមួយនឹង Maglev ធម្មតា រថភ្លើងនេះមានវាលម៉ាញេទិកបែប Static ជាមួយនឹងការព្យួរថាមពលសូន្យ (zero-power suspension) និងគ្មានការបំពុលម៉ាញេទិកឡើយ។ រថភ្លើងនេះត្រូវបាន បំពាក់ទាំងរបៀប បើកបរដោយដៃ និងស្វ័យប្រវត្តិ។ វាអាចបំពេញបន្ថែមទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី និងផ្លូវរថភ្លើងធុនស្រាលផងដែរ។ រថភ្លើងព្យួរនេះ មានសមត្ថភាពខ្ពស់ ក្នុងការឡើងភ្នំឬទីទួលខ្ពស់ ជាមួយនឹងកាំរបត់តូចមួយ។ វាបង្កើតសំលេងរំខានទាប និងប្រើប្រាស់ថាមពលតិច។ បច្ចេកវិទ្យាថ្មីនេះ មិនត្រឹមតែអាចប្រើប្រាស់ នៅក្នុងទីក្រុង និងតំបន់ទេសភាពប៉ុណ្ណោះទេ វាក៏អាចប្រើប្រាស់បាន នៅក្នុងបរិស្ថានព្រៃភ្នំ និងវាលខ្សាច់ផងដែរ។
លោក Yang Bin លេខាគណៈកម្មាធិការបក្ស នៅសាកលវិទ្យាល័យ Jiangxi University of Science and Technology និងជាប្រធានផ្នែកបច្ចេកទេស នៃគម្រោងបាននិយាយថា ការដឹកជញ្ជូនតាមរថភ្លើងព្យួរបែបនេះ ត្រូវបានគេរំពឹងថា នឹងក្លាយទៅជា ប្រព័ន្ធដឹកជញ្ជូនផ្ទាល់ខ្លួន និងឆ្លាតវៃ ជាមួយនឹងការចំណាយទាប និងគុណភាពល្អឥតខ្ចោះ។ លោក Yang បានបន្ថែមថា ការឆ្លងកាត់នេះគ្របដណ្តប់ លើឧស្សាហកម្មដែលកំពុង រីកចម្រើនជាយុទ្ធសាស្ត្រជាច្រើន រួមទាំងសម្ភារៈថ្មីៗ ទំនាក់ទំនងឥតខ្សែ និងការផលិតឆ្លាតវៃ ដែលនឹងដើរតួនាទី ឈានមុខគេ ក្នុងការដឹកជញ្ជូនពណ៌បៃតង និងការធ្វើដំណើរ ដែលមានកាបូនទាប។
វាត្រូវបានកំណត់ឱ្យរត់ក្នុងល្បឿន 80 គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកមនុស្សបាន 88 នាក់។ រថភ្លើងព្យួរ Xingguo ត្រូវបានបង្កើតឡើង ដោយសាកលវិទ្យាល័យ Jiangxi University of Science and Technology, China Railway Group Limited និង National Rare Earth Functional Innovation Center និងជាសមិទ្ធផលដ៏សំខាន់មួយ របស់ប្រទេសចិនផងដែរ។