ចំនួនអ្នកដំណើរតាមផ្លូវអាកាស ចូលមកប្រទេសកម្ពុជា មានការកើនឡើងជិត ៥០០% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ


យោងតាម លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ប្រទេសកម្ពុជាបានកត់ត្រា កំណើននៃអ្នកដំណើរ តាមផ្លូវអាកាស ក្នុងរយៈពេល 7 ខែដំបូងនៃឆ្នាំ 2022 មានចំនួនកើនឡើង រហូតជិតដល់ 500%។ ជាក់ស្ដែង កម្ពុជាបានស្វាគមន៍ អ្នកដំណើរតាមយន្តហោះ បានចំនួនដល់ទៅ 908.059 នាក់ ក្នុងរយៈពេល 7 ខែ តែបើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ចំនួនដែលកើនឡើងនេះ គឺស្មើនឹងការធ្លាក់ចុះ 74% វិញ។

ចំណែកជើងហោះហើរ ទាំងទៅទាំងមកប្រទេសកម្ពុជា ចន្លោះខែមករា ដល់ខែកក្កដា មានចំនួន 12,550 ជើង ដែលជាការកើនឡើងជាង 110% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ 2019 គឺនៅតែធ្លាក់ចុះ 70% ដដែល។ ដោយឡែកការកើនឡើង នៃចំនួនអ្នកធ្វើដំណើរ តាមផ្លូវអាកាសនេះ ក៏ដោយសារតែប្រទេសកម្ពុជា បានដកចេញនូវ វិធានការណ៍រឹតត្បិត និងឧបសគ្គនានាចេញទាំងអស់ ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរតាមផ្លូវអាកាស របស់ភ្ញៀវទេសចរ ដោយមានបំណង មកកម្សាន្ដនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ ប្រទេសកម្ពុជាក៏ កំពុងវិលទៅរក កម្រិតកំណើនមុនការ រាតត្បាតជំងឺកូវីដ-19 ផងដែរ។

យោងតាមលោក ស៊ិន ចាន់សិរីវុត្ថា ដដែល បានព្យាករណ៍ថា វិស័យអាកាសចរណ៍ក្នុងស្រុក របស់កម្ពុជា អាចនឹងឈានដល់កម្រិតមុន ការរាតត្បាតនៃជំងឺកូវីដ-19 ឡើងវិញ នៅដំណាច់ឆ្នាំ 2023 ឬដើមឆ្នាំ 2024 ខាងមុខ។ ដោយឡែក បើយោងតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន 506.762 នាក់ បានមកទស្សនាប្រទេសកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ 2022 កើនឡើង 394.1% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះមាន 440.637 នាក់ ជាអ្នកដំណើរតាមផ្លូវអាកាស។