ក្រុមធុរកិច្ចថៃ កំពុងសម្លឹងមើលឃើញ សក្តានុពលនៃការវិនិយោគ នៅប្រទេសកម្ពុជា


យោងតាម លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា បានបង្ហាញឲ្យដឹងថា បណ្ដាក្រុមហ៊ុននៃប្រទេសថៃ កំពុងមើលឃើញពី សក្ដានុពលនៃការរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ជាមធ្យម ដែលមានពី 7 ទៅ 8% ក្នុងមួយឆ្នាំ របស់កម្ពុជា ដែលជំរុញដោយការវិនិយោគផ្ទាល់ ពីបរទេសតែម្ដង។ ដូច្នេះហើយ លោក Sanan បានគូសបញ្ជាក់ថា នេះជាកត្តាសំខាន់ក្នុងការ ផ្តល់ឱកាសដ៏ល្អសម្រាប់ធុរកិច្ចថៃ លើការបង្កើតការវិនិយោគរួមគ្នា ជាមួយសមភាគីកម្ពុជា ក្នុងវិស័យជាច្រើនដូចជា អាហារកែច្នៃ កសិកម្ម ទេសចរណ៍ ថាមពលកកើតឡើងវិញ ប្លាស្ទិក សេវាកម្ម ក៏ដូចជាត្បូង និងគ្រឿងអលង្ការជាដើម។

ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជាជាលើកដំបូង ដោយធុរកិច្ចថៃជាង 60 នាក់ នៅថ្ងៃទី 4 ដល់ 5 ខែសីហា កន្លងទៅ គណៈប្រតិភូធុរកិច្ចថៃ ក៏បានជួបជាមួយ ឯកឧតម្ដ ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាផងដែរ។ ដោយភាគីទាំងពីរ បានជំរុញឱ្យ រដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយឧបសគ្គចំពោះ ការសម្របសម្រួល ពាណិជ្ជកម្ម ទាក់ទងនឹងផ្លូវច្បាប់ និងបទប្បញ្ញត្តិដែលរឹតរឹងពេក ដើម្បីទាក់ទាញការវិនិយោគ ពីប្រទេសថៃ ឲ្យកាន់តែច្រើននាពេលខាងមុខ។

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា បាននិយាយទៀតថា ប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំង ក្នុងការក្លាយជាមូលដ្ឋាន ផលិតកម្មតម្រង់ទិសនាំចេញ សម្រាប់អ្នកវិនិយោគថៃ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួន រួមទាំងប្រទេសចិន និងសាធារណរដ្ឋកូរ៉េ ស្រាប់ផងដែរ។

ដូច្នេះលោក និងក្រុមធុរកិច្ចថៃ ចង់ស្នើឲ្យមាន កិច្ចសហប្រតិបត្តិការ ផ្តោតលើត្បូង និងគ្រឿងអលង្ការ ជាបន្ថែមទៀត ក៏ដូចជាស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតឡើងវិញនូវផ្លូវដែក តភ្ជាប់រវាងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងក្រុងប៉ោយប៉ែតរបស់កម្ពុជា ដើម្បីសម្រួលដល់ ពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍ ជុំវិញព្រំដែនភាគខាងកើត ប្រទេសថៃផងដែរ។ គួររំលឹកដែរថា ពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសថៃ និងកម្ពុជា មានចំនួនសរុប 7.97 ពាន់លានដុល្លារក្នុងឆ្នាំ 2021 កើនឡើង 10.2% ធៀបនឹងឆ្នាំ 2020។