ក្រុមហ៊ុន Viettel របស់វៀតណាម នឹងនាំយកការតេស្តសាកល្បងបច្ចេកវិទ្យា 5G នៅទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ!

លោកអ្នកបានដឹងរួចមកហើយថា 5G គឺជាបច្ចកវិទ្យាទំនើបថ្មីបំផុតមួយ ដែលទើបតែបានបញ្ចេញឲ្យប្រើប្រាស់នៅតាមបណ្តា ប្រទេសទំនើបៗមួយចំនួនប៉ុណ្ណោះ ក្នុងពិភពលោក។ 5G កាន់តែខ្លាំង និងអាចធ្វើការផ្ទេរទិន្នន័យលឿនជាងបច្ចេកវិទ្យា 4G ទ្វេគុណឯណោះ។ 

 

ស្របពេលថ្មីៗនេះដែរ សម្រាប់ទីក្រុងភ្នំពេញប្រទេសកម្ពុជាយើង ក៏ទើបតែមានការតេស្តសាកល្បងបច្ចេកវិទ្យា 5G ដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃទី 8 កក្កដាកន្លងទៅ និងមានការចូលរួមពីមនុស្សយ៉ាងច្រើនកុះករផងដែរ។ 

 

ថ្មីៗនេះ បើយោងតាម ប្រភពព័ត៌មានច្បាស់ការមួយរបស់វៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន Viettel របស់វៀតណាម ឬមានឈ្មោះជាផ្លូវការនៅកម្ពុជាថា “Metfone” ក៏នឹងត្រៀមនាំយកការតេស្ត សាកល្បងបច្ចេកវិទ្យាអ៊ីនធើណេត 5G នេះមកដល់ទីក្រុងភ្នំពេញ នៅក្នុងខែកក្កដានេះ ឆាប់ៗផងដែរ។ ប្រភពដដែលនោះ ក៏បានឲ្យដឹងថា បន្ទាប់ពីទីក្រុងភ្នំពេញហើយ ការតេស្តសាកល្បង 5G របស់ក្រុមហ៊ុន Metfone នេះ នឹងបន្តធ្វើឡើងនៅតាមបណ្តាខេត្ត ឬទីក្រុងធំៗរបស់ប្រទេសកម្ពុជាទៀត។ 

 

 

លោក Nhong Dinthon អគ្គនាយករងរបស់ក្រុមហ៊ុន Viettel ប្រចាំនៅកម្ពុជា ឬ Metfone ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជារួចទៅហើយ ព្រមទាំងកំពុងតែធ្វើការយ៉ាងឆាប់រហ័ស ដើម្បីតម្លើងឧបករណ៍ស្កេនបញ្ជូនទិន្នន័យ 5G ដើម្បីចាប់ផ្តើមការសាកល្បងនៅក្នុងខែនេះ។ 

 

នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃអង្គារ ទី 9កក្កដា កន្លងទៅ ភាគីទាំងពីរក៏បានសន្យាថានឹងចែករំលែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានរបស់ខ្លួន ព្រមទាំងធ្វើការវិនិយោគលើវិស័យអេឡិចត្រូនិច ក្នុងផ្នែកផ្សេងៗដូចជា រដ្ឋាភិបាល សុខាភិបាល ប្រព័ន្ធអប់រំ ប្រព័ន្ធកសិកម្ម និងការអភិវឌ្ឍលើគម្រោងទីក្រុងវៃឆ្លាតជាដើម។ 

 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Metfone បានក្លាយជាក្រុមហ៊ុនប្រតិបត្តិករមុនគេ ក្នុងការផ្តល់សេវា 4G LTE ព្រមទាំងបានតម្លើងស្ថានីយអង់តែន ផ្សព្វផ្សាយបណ្តាញ 4G របស់ខ្លួន ចំនួន 100 នៅតំបន់ទន្លេសាបដែលត្រូវបានគេចាត់ទុកថា ជាតំបន់ដែលខ្សត់សេវាទូរសព្ទជាទីបំផុត។ ទៅលើកិច្ចព្រមព្រៀង នៃសេវាបច្ចេកវិទ្យា 5G នេះ ដែលនឹងមកដល់ប្រទេសកម្ពុជានេះ ធ្វើឡើងមួយខែ ក្រោយពេលដែលប្រទេសវៀតណាម អាចហៅទូរសព្ទចល័តលើសេវា 5G ជាលើកដំបូង។

 

ប្រភពមកពីhttps://ampe-vnexpress-net.cdn.ampproject.org/c/s/ampe.vnexpress.net/news/business/companies/telecom-giant-viettel-to-pilot-5g-services-in-cambodia-3950470.html?fbclid=IwAR3t1t-eEDiWw6HJlZc7JbSpM5fb8VmERF6eioSnNuUAw5ARPmyTW-TCgwQ