ខេត្ដកំពង់ស្ពឺ ត្រៀមប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នៅថ្ងៃទី ០៧-០៨ វិច្ឆិកា ខាងមុខនេះ


នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ គណៈអភិបាលខេត្ដកំពង់ស្ពឺ និងមន្រ្ដីពាក់ព័ន្ធ បានរៀបចំជាកិច្ចប្រជុំពិភាក្សាគ្នាមួយ ស្ដីពីការត្រៀមខ្លួន និងរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ សាជាថ្មីម្ដងទៀត បន្ទាប់ពីបានខកខាន អស់រយៈពេលប៉ុន្មានឆ្នាំ កន្លងមក។ នៅក្នុងកិច្ចប្រជុំពីភាក្សាគ្នានេះ មានការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ជំនាញពាក់ព័ន្ធ ផងដែរ ដែលរៀបចំធ្វើឡើង នៅសាលប្រជុំសាលាខេត្តតែម្ដង។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ គណៈអភិបាលខេត្ដកំពង់ស្ពឺ បានសម្រេចជម្រើសរើសយក ថ្ងៃចន្ទ ១៤កើត និងថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ សម្រាប់រយៈពេល ០២ថ្ងៃ តែម្ដង។ ក្នុងពិធីបុណ្យខាងមុខនេះដែរ ក៏នឹងមានការសម្ដែងសិល្បៈ ទស្សនីយភាពផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋ ទាំងនៅខេត្ដកំពង់ស្ពឺផ្ទាល់ ក៏ដូចជានៅតាមបណ្ដាខេត្ដផ្សេងៗ នឹងទទួលបានភាពសប្បាយរីករាយ នាពេលឈប់សម្រាកខាងមុខនេះ ជាមិនខាន ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ របស់យើង៕