ការនាំចេញ iPhone របស់ Apple ពីប្រទេសឥណ្ឌា កើនឡើងដល់ ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែប៉ុណ្ណោះ


យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា កំណើននៃការនាំចេញ ផលិតផលទូរសព្ទដៃ iPhone របស់ក្រុមហ៊ុន Apple ពីប្រទេសឥណ្ឌា បានកើនឡើងជាង 1 ពាន់លានដុល្លារ ក្នុងរយៈពេល 5ខែប៉ុណ្ណោះ រាប់ចាប់តាំងពីខែមេសា ដល់ខែសីហាកន្លងទៅ។ កំណើននៃការនាំចេញនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការកើនឡើងនៃ ផលិតកម្មទូរសព្ទដៃ iPhone យ៉ាងខ្លាំង របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នៅក្នុងប្រទេសប៉ែកអាស៊ីខាងត្បូង ជាពិសេសការជំរុញពី ទីក្រុងញូវដែលី ប្រទេសឥណ្ឌា សម្រាប់ការផលិតក្នុងស្រុក។

ការនាំចេញទូរសព្ទ iPhone ដែលផលិតនៅប្រទេសឥណ្ឌា ភាគច្រើនត្រូវបានបញ្ជូន ទៅកាន់បណ្ដាប្រទេសអឺរ៉ុប និងមជ្ឈិមបូព៌ា ហើយត្រូវបានកំណត់ថា អាចនឹងកើនឡើងដល់ 2.5 ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងរយៈពេល 12 ខែ ខាង ដែលរាប់រហូត ដល់ខែមីនា ឆ្នាំ 2023។ ការព្យាករណ៍នេះ គឺជាចំនួនដែលស្ទើ តែកើនទ្វេដង បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ 2022 នេះ។ សារព័ត៌មាន Bloomberg បានឲ្យដឹងទៀតថា សម្រាប់ទូរសព្ទដៃ iPhone ភាគច្រើន ដែលនាំចេញពីប្រទេសឥណ្ឌាពីខែមេសា ដល់ខែសីហាឆ្នាំនេះ រួមមាន iPhone 11, 12 និង 13 ម៉ូដែល។ លើសពីនេះ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple ក៏បានប្រកាស នូវផែនការរបស់ខ្លួន ក្នុងការផលិត iPhone 14 ម៉ូដែលចុងក្រោយបង្អស់ នៅក្នុងប្រទេសឥណ្ឌា ដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានផលិត iPhone នៅក្នុងប្រទេសឥណ្ឌា ចាប់ពីឆ្នាំ 2017 មកម្ល៉េះ។ ខណៈប្រទេសឥណ្ឌា និងប្រទេសដូចជាម៉ិកស៊ិក និងវៀតណាម ក៏កំពុងក្លាយជាគោលដៅសំខាន់ កាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុនផលិត ដែលម៉ាកយីហោអាមេរិកល្បីៗនានា ចំពេលដែល ក្រុមហ៊ុនទាំងនោះ ចាប់ផ្ដើមស្វែងរក ការកាត់បន្ថយផលិតកម្ម ក្នុងប្រទេសចិន ឲ្យបានកាន់តែឆាប់។