បំណែកចម្លាក់ក្បាលនាគ ក្នុងរចនាបថបាយ័នដើម ត្រូវបានរកឃើញ ក្រោយពីបានកប់ក្នុងដីជាយូរឆ្នាំ


ដោយយោងទៅតាម លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្មីៗនេះ មានការប្រទះឃើញ ដោយចៃដន្យ នូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើម ដែលបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគ ដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាម ឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

លោក សុម៉ាឡា បានបន្តទៀតថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគ មកក្បាលខាងលើ ដែលមានបណ្តោយ ១,២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០,៣ម៉ែត្រ។ បំណែកក្បាលនាគនេះ ក៏មានចម្លាក់សត្វគ្រុឌ ជិះលើផងដែរ ដែលមានស្ថានភាព ខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

ដើម្បីរក្សាសុវត្ថិភាព នូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយ នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផង ទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់ នៅទីតាំងដើមវិញ បើមានការជួសជុល នៅទីតាំងដែលបានបាត់បង់នោះ៕