ថៃ កំពុងស្វែងរកទីផ្សារថ្មី ពីតំបន់អាស៊ីកណ្តាល ដើម្បីជំរុញទេសចរណ៍ក្នុងប្រទេស


ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ កំពុងសម្លឹងរកមើល ទីផ្សារថ្មីនៅតំបន់អាស៊ីកណ្តាល ជាពិសេសប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដោយសារនិន្នាការ ក្រោយជំងឺរាតត្បាតកូវីដ-19 បានបង្ហាញពីតម្រូវការខ្លាំង សម្រាប់ទេសចរណ៍អន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ភីផាត់ រ៉ាតច៉ាគីតប្រាកាន បាននិយាយថា តំបន់អាស៊ីកណ្តាល មានសក្តានុពលជា ទីផ្សារថ្មីមួយសម្រាប់ ទេសចរណ៍ក្នុងប្រទេសថៃ ដោយសារតែពេលវេលាហោះហើរខ្លី មិនលើសពីប្រាំពីរម៉ោងកន្លះ។

ការវិភាគទីផ្សារ របស់ក្រសួងនេះ បានបង្ហាញថា អ្នកធ្វើដំណើរមកពីតំបន់នេះ មានតម្រូវការខ្ពស់ ក្នុងការធ្វើដំណើរអន្តរជាតិ បន្ទាប់ពីជំងឺរាតត្បាត។ ជាពិសេសប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដែលមាន សក្ដានុពលខ្ពស់ សម្រាប់កំណើនសេដ្ឋកិច្ច ជាងប្រទេសដទៃទៀត នៅក្នុងតំបន់។ យោងតាមបទប្បញ្ញត្តិថ្មី របស់ប្រទេសថៃបានឱ្យដឹងថា ភ្ញៀវទេសចរមកពី ប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន មានសិទ្ធិស្នើសុំ ទិដ្ឋាការនៅពេលទៅដល់ ចាប់ពីខែតុលាឆ្នាំនេះ ដល់ខែមីនាឆ្នាំក្រោយ សម្រាប់រយៈពេល 30 ថ្ងៃពីចំនួន 15 ថ្ងៃមុន។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអ៊ែរអាស្តាណា កំពុងដំណើរការជើងហោះហើរត្រង់ ពីទីក្រុងអាល់ម៉ាទី ក្នុងប្រទេសកាហ្សាក់ស្ថាន ទៅកាន់ខេត្តភូកេតចំនួនបីដង ក្នុងមួយសប្តាហ៍។ សម្រាប់រដូវកាលល្អ សម្រាប់វិស័យទេសចរណ៍ នាពេលខាងមុខមេះ សេវាកម្មហោះហើរត្រង់ ទៅកាន់ភូកេត នឹងកើនឡើង ដោយមាន កៅអីសរុបចំនួន 1,162 កៅអី នៅលើជើងហោះហើរត្រង់ ដោយចាប់ផ្តើមពីថ្ងៃទី 30 ខែតុលា។ ផ្លូវហោះហើរថ្មី ទៅកាន់ទីក្រុងបាងកក គ្រោងនឹងចាប់ផ្តើម នៅថ្ងៃដូចគ្នានោះ។ ក្រុមហ៊ុនអាកាសចរណ៍ SCAT ដែលមានមូលដ្ឋាន នៅទីក្រុងស៊ីមគែនត៍ នៃប្រទេសកាហ្សាក់ស្ថាន ក៏បានប្រកាសនូវ សេវាកម្មជើងហោះ ហើរពីទីក្រុងអាល់ម៉ាទី ទីក្រុងអាស្តាណា ទីក្រុងកូស្តាណាយ ទីក្រុងស៊ីមគែនត៍ និងទីក្រុងអ៊ូរ៉ាលស្ក៍ ទៅកាន់អាកាសយានដ្ឋានខេត្តភូកេត និងអាកាសយានដ្ឋានយូ-តាប៉ៅរបស់ប្រទេសថៃ ផងដែរ។

លោករដ្ឋមន្ត្រី ភីផាត់ បាននិយាយថា ប្រទេសកាហ្សាក់ស្ថាន ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមប្រទេស នៃរដ្ឋឯករាជ្យ សម្រាប់វិស័យភ្ញៀវទេសចរបរទេស ទៅកាន់ប្រទេសថៃ ដែលមានអ្នកធ្វើដំណើរចំនួន 56,529 នាក់ កាលពីក្នុងឆ្នាំ 2019 បន្ទាប់មក គឺប្រទេសអ៊ូបេគីស្ថាន និងគៀរជីស្ថាន ដែលមានអ្នកធ្វើដំណើរចំនួន 19,891 នាក់ និង 4,608 នាក់ រៀងៗគ្នា។