ការគាំទ្រហិរញ្ញប្បទានពី EIF ជាកត្តាជម្រុញមួយផ្នែក ដែលបានចូលរួម ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា


លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា គម្រោងក្រោមកម្មវិធីពង្រឹង ក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បាននឹងកំពុង បន្តជួយគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស រហូតដល់មានលទ្ធផលផ្លែផ្កា ដល់បច្ចុប្បន្ន ខណៈដែល EIF គឺជាដៃគូសហការការងារ យ៉ាងជិតស្និទ្ធបំផុត ក្នុងពេលកន្លងមក ហើយកម្ពុជា គឺជាគំរូដ៏ល្អមួយ ក្នុងការអនុវត្តគម្រោង EIF ដែលប្រទេសអភិវឌ្ឍ តិចតួចផ្សេងទៀត គួរយកធ្វើជាគំរូ។

ការលើកឡើងបែបនេះ របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងឱកាស ទទួលដំណើរបេសកកម្មត្រួតពិនិត្យ នៃការអនុវត្តគម្រោង ក្រោមកម្មវិធីពង្រឹង ក្របខណ្ឌ សមាហរណកម្មពាណិជ្ជកម្ម (Enhanced Integrated Framework - EIF) ដែលមកទស្សនកិច្ចនៅកម្ពុជា និងបានអញ្ជើញចូលរួម ជាអធិបតីក្នុងកម្មវិធី បើកនៃកិច្ចប្រជុំជាមួយ អន្តរក្រសួងស្ថាប័ន និងដៃគូអនុវត្តន៍គម្រោង កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។ គោលបំណងសំខាន់ នៃបេសកកម្មត្រួតពិនិត្យនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងឈ្វេងយល់បន្ថែម ពីលទ្ធផលនិងសមិទ្ធផលសំខាន់ៗជាក់ស្តែង ដែលដៃគូអនុវត្តន៍គម្រោង ទទួលបានអត្ថប្រយោជន៍ពី EIF ចាប់តាំងការអនុវត្តគម្រោងពីឆ្នាំ ២០១០ មកដល់បច្ចុប្បន្ននេះ ដើម្បីចែករំលែកជា បទពិសោធន៍ដល់ ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងៗទៀត និងបង្ហាញពី ភាពជោគជ័យពីកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ របស់ EIF ដែលបានមក ទស្សនកិច្ចការងារនៅកម្ពុជា និងដើម្បីឈ្វេងយល់លម្អិត ពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារអនុវត្តគម្រោង បាននឹងកំពុងអនុវត្តគម្រោង ដែលទទួលបាន ការគាំទ្រហិរញ្ញប្បទានពី EIF និងដៃគូអភិវឌ្ឍន៍នានា។ លោកជំទាវរដ្ឋលេខាធិការ បានលើកពីសារៈសំខាន់ នៃការគាំទ្រហិរញ្ញប្បទានពី EIF និងទទួលបាន សមិទ្ធផលសំខាន់ៗ ដ៏ត្រចះត្រចង់ ដែលបានចូលរួមជួយ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចការងារ គណៈប្រតិភូបេសកកម្ម EIF អមដោយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ បានចុះពិនិត្យ មើលជាក់ស្តែងនៅ៖

១) វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC)
២) សមាគមសហគ្រិនវ័យក្មេងកម្ពុជា
៣) ក្រុមហ៊ុនអេមរុ រាយស៍ (AMRU Rice) ប្រកបដោយលទ្ធផលផ្លែផ្កា និងភាពស្និទ្ធស្នាលបំផុត។

បន្ទាប់មក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ ជាមួយដៃគូអភិវឌ្ឍន៍នានា ដែលបាន នឹងកំពុងអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព លើគម្រោង និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលមានការចូលរួមពី តំណាងសហភាពអឺរ៉ុប ធនាគារពិភពលោក អង្គការ Swisscontact ភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ និងអង្គការ UNIDO ផងដែរ៕