អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធនៅកម្ពុជា ប៉ុន្តែមានស្លាកលេខ នឹងជួបការលំបាក នៅពេលខាងមុខ ពិសេសប្រឈមមុខ ទៅនឹងផ្លូវច្បាប់


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹក អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងជួបការលំបាក នៅពេលខាងមុខ ពិសេសប្រឈមមុខ ទៅនឹងផ្លូវច្បាប់ ដោយទាមទារឱ្យ ម្ចាស់ទាំងនោះ មកបំពេញឯកសារតាមផ្លូវច្បាប់ ឱ្យបានត្រឹមត្រូវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាត លើកចុងក្រោយ របស់រាជរដ្ឋាភិបាល ឲ្យម្ចាស់រថយន្ត ចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឱ្យកែចង្កូត។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ កំពុងរឹតបន្ដឹងរថយន្ត និងម៉ូតូ លើការគេចពន្ធ ដើម្បីឱ្យបរិយាកាស ធ្វើអាជីវកម្មមានភាពល្អប្រសើរ និងរក្សាបានចំណូល ខណៈចំពោះម៉ូតូទំនើប និងគ្មានពន្ធអាករ ជាកម្មវត្ថុនៃការបង្ក្រាប។ ឯកឧត្តមបន្ថែមថា ក្នុង១ខែៗ អគ្គនាយកដ្ឋានគយ បានបង្រ្កាបរថយន្ដ ពិសេសម៉ូតូគ្មានពន្ធ គឺមានចំនួនច្រើន ដែលរត់ពន្ធឆ្លងកាត់ព្រំដែន តាមច្រករបៀងផ្សេងៗ។ ឯកឧត្តមបន្តថា បញ្ហានេះគឺត្រូវធ្វើជាជំហានៗ ដើម្បីឈានឱ្យមាន អនុលោមភាព ក្នុងកម្រិតមួយទៀត ស្របតាមការវិវត្តន៍ របស់ប្រទេស ដូច្នោះការប្រើប្រាស់ ឯកសារក្លែងក្លាយដូចជា ម៉ូតូមិនមានពន្ធ តែមានផ្លាកលេខ ម្ចាស់រថយន្ដនិងម្ចាស់ម៉ូតូ ដែលប្រថុយ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ប្រើប្រាស់របស់ក្លែងក្លាយនេះ នឹងប្រឈមចំពោះមុខច្បាប់ មិនមែនតែច្បាប់គយ ប៉ុណ្ណោះទេ តែប្រឈមនឹង ច្បាប់ព្រហ្មទណ្ឌជាដើម។

«ចំពោះការប្រើប្រាស់មុខទំនិញ រថយន្តនិងម៉ូតូដែលគ្មានពន្ធ នៅពេលខាងមុខ នឹងជួបការលំបាក ពីព្រោះ វាខុសពីការទិញទូរទស្សន៍ ឬការទិញម៉ាស៊ីនត្រជាក់ ពេលដែលទិញចេញពី ហាងទៅដល់ក្នុងផ្ទះគឺចប់ អត់មាននរណា ទៅឆែកទៅដល់ក្នុងផ្ទះ ថាមានពន្ធឬអត់ទេ តែឡាននិងម៉ូតូ គឺត្រូវប្រើប្រាស់ប្រចាំថ្ងៃ នៅតាមផ្លូវ ដោយមិនអាច ទិញយកទៅទុកនៅផ្ទះទេ។ អ៊ីចឹងហើយការប្រើប្រាស់ រថយន្តក្តី ម៉ូតូក្តីគ្មានពន្ធ ទៅថ្ងៃមុខគឺលំបាក ព្រោះយើងត្រូវ អនុលោមភាពជាប់រហូត និងឈានដល់ ដំណាក់កាលមួយ អនុវត្តច្បាប់តឹងតែងបំផុតផងដែរ។» សូមបញ្ជាក់ថា ត្រឹមរយៈពេល ៩ខែឆ្នាំ ២០២២ នេះ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ដគ្មានពន្ធ នៅទូទាំងប្រទេស បានចំនួនប្រមាណ ៥១០ គ្រឿង៕