រមណីយដ្ឋានទាំង 6 ដែលល្អបំផុតនៅក្នុងតំបន់អាស៊ី ជាមួយនឹងប្រព័ន្ធអភិវឌ្ឍចម្រុះ!

កាលពីអត្ថបទមុនៗ គេហទំព័រ Cambodia Property Report របស់យើងបានធ្វើការបង្ហាញប្រិយមិត្តអ្នកអាន ជាច្រើនរួចមកហើយ នូវសំណង់ស្ថាបត្យកម្មល្បីៗជាច្រើន គម្រូអាងហែលទឹកល្បីៗ និងតំបន់រមណីយដ្ឋានទេសចរណ៍ ទាំងនៅក្នុងនិងក្រៅប្រទេសផងដែរ។ 

 

ដោយឡែកនៅក្នុងថ្ងៃនេះ យើងនឹងធ្វើការលើកយក រមណីយដ្ឋានចំនួន 6 កន្លែងដែលត្រូវបានចាត់ទុកថា ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ី ជាមួយនឹងការអភិវឌ្ឍចម្រុះ ឲ្យអ្នកទាំងអស់គ្នាបានស្គាល់វិញម្តង។

 

1. The Residences at Sheraton Cebu Mactan Resort នៅក្នុងប្រទេសហ្វីលីពីន

 

នេះជារមណីយដ្ឋានដែលប្រមូលផ្តុំ ទៅដោយកន្លែងស្នាក់នៅជាច្រើន នៅក្នុងប្រទេសហ្វីលីពីន។ Sheraton Cebu Mactan Report កំពុងតែស្ថិតជាមួយនឹងប្រព័ន្ធអភិវឌ្ឍចំរុះ។ នៅទីនេះ មានកន្លែងស្នាក់នៅប្រមាណ 154 កន្លែង ដែលមានរៀបចំតុបតែងបានយ៉ាងល្អ និងព័ទ្ធជុំវិញទៅដោយធម្មជាតិ ដ៏ស្រស់ស្អាតផងដែរ។ នៅទីនេះបានចាប់ផ្តើម បើកទទួលភ្ញៀវ តាំងពីដើមឆ្នាំ 2019 នេះមកម៉្លេះ សម្រាប់ផ្នែកមួយចំនួន ហើយក៏កំពុងតែសាងសង់បន្តទៀត និងមានគ្រោងថានឹងរួចរាល់ជាស្ថាពរ ព្រមទាំងនឹងដាក់ដំណើរការពេញលេញ នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ សព្វថ្ងៃ Resort នេះមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ទាក់ទាញការវិនិយោគពីក្រុមហ៊ុនផ្សេងៗជាច្រើន ហើយវាក៏ត្រូវបានចាត់ទុកជា Resort ដែលមានសក្តានុពល នៅក្នុងប្រទេសផងដែរ។ នៅទីនេះមានសត្វចិញ្ចឹមស្អាតៗជាច្រើន ស៊ាំនឹងមនុស្សអស់ហើយ មានព្រលានយន្តហោះ សម្រាប់ទទួលសំចតឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនផងដែរ ក្រៅពីនេះមានដូចជាការផ្តល់សេវាកម្មហាត់ប្រាណ ហ្វឹកហាត់កាយសម្បទា មានទេសភាពស្អាតៗនៅជុំវិញ ជាប់នឹងតំបន់មាត់ឆ្នេរ និងមានបំរើសេវាកម្មម្ហូបអាហារផងដែរ។

 

2. សណ្ឋាគារ Twin Lakes នៅក្នុងប្រទេសហ្វីលីពីន

 

គម្រោងសណ្ឋាគារនេះ មានទំហំ 1,200 ហិកតា ដែលដំណើរការដោយក្រុមហ៊ុន Global One Hotels Group ដែលមានទេសភាពយ៉ាងធំទូលាយនៃបឹង Taal ព័ទ្ធជុំវិញ។ នៅក្នុងផ្នែកចំណុចស្នូលនៃការអភិវឌ្ឍនេះគឺមានដល់ 126 បន្ទប់, 8 ជាន់, បន្ទប់ Ballroom ដ៏ធំមួយទៀតដែលអាចទទួលភ្ញៀវបានប្រមាណ 500 នាក់ រួមបញ្ចូលជាមួយនឹងកន្លែង Spa នៅក្នុង Resort ជាមួយនឹងអាហារថ្ងៃត្រង់ និងអាងដែលទឹក Infinity Instagram។ ទីនេះវាពិតជាសាកសមសម្រាប់ការកុម៉្មង់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍ និងសម្រាប់កម្មវិធីធំៗទៀតជាច្រើន។ ថ្វីបើសណ្ឋាគារនេះស្ថិតនៅក្នុងការសាងសង់បន្ថែមក៏ដោយ ប៉ុន្តែវានៅតែអាច ផ្តល់នូវកន្លែងស្នាក់នៅដ៏សមរម្យ តម្លៃសមរម្យ និងសេវាកម្មផ្សេងៗផងដែរ។

 

3. រមណីយដ្ឋាន Le Méridien Cam Ranh Bay Resort & Spa នៅក្នុងប្រទេសវៀតណាម

 

វាត្រូវបានគូរ និងរៀបចំផ្នែក Interior Design ដោយក្រុមហ៊ុន Kaze Interior Studio របស់វៀតណាម ដែលទទួលបានពានរង្វាន់ទៅលើគម្រោងមួយនេះ ដែលគេនឹងជឿថា វានឹងផ្លាស់ប្តូរមុខមាត់ថ្មី នៅក្នុងទីក្រុងរបស់វៀតណាម។ នៅមានសណ្ឋាគារ និងកន្លែងល្បីៗជាច្រើនក៏ត្រូវបានបង្កើតនៅជាប់នឹង Le Méridien Cam Ranh Bay Resort & Spa ផងដែរ ដែលផ្តល់ជម្រើសជាច្រើន ក្នុងការធ្វើវិនិយោគទុន។ គ្រោង Resort មួយនេះ ត្រូវបានគេអះអាងថា វានឹងសម្បូរបែប ទំនើប អមជាមួយនឹងការតុបតែងបានយ៉ាងស្អាតផងដែរ។

 

4. មជ្ឈមណ្ឌល Colombo City Center នៅក្នុងប្រទេសស្រីលង្កា

 

បន្ទាប់ពីភាពចលាចលផ្សេងៗកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានស្ងប់ស្ងាត់រួចមក ប្រទេសស្រីលង្កាបានមានការវិវត្តខ្លួនយ៉ាងលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ី។ រហូតពេលបច្ចុប្បន្ននេះ ទីក្រុង Colombo នៅខ្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបមួយចំនួន ហេតុដូចនេះហើយ បានជាក្រុមហ៊ុនធំៗជាច្រើនកំពុងតែធ្វើការវិនិយោគ ក្នុងការទ្រទ្រង់ប្រព័ន្ធអភិវឌ្ឍចម្រុះ នៅក្នុងទីក្រុងនេះ។ ផ្សារទំនើប Colombo City Center នឹងក្លាយជាផ្សារដ៏ធំជាងគេ ព្រមទាំងជាគោលដៅនៃទំនិញដ៏ធំបំផុតរបស់ប្រទេស និងជាកន្លែងតែមួយគត់នៅក្នុងប្រទេសស្រីលង្កា ដើម្បីផ្តល់ជូននូវម៉ាកល្បីៗដូចជាក្រុមហ៊ុន Apple, Fossil, Aldo និងជាច្រើនផ្សេងទៀត។ ទាំងម្ចាស់ហាង និងអ្នកទិញអីវ៉ាន់ អាចនឹងរីករាយក្នុងការតេស្តសាកល្បងម្ហូបចិន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។ ទីនេះក៏ផ្តល់ជា សណ្ឋាគារសម្រាប់អ្នកធ្វើដំណើរកម្សាន្តនឹងអាចសម្រាកបាន នៅចំផ្នែកកណ្តាល នៃប្រព័ន្ធអភិវឌ្ឍចម្រុះផងដែរ ដែលមានរហូតដល់ទៅ 192 បន្ទប់ ព័ទ្ធជុំវិញដោយទេសភាពយ៉ាងស្រស់បំព្រង នៃបឹង Beira ទៀតផង។

 

5. The Residences as Sheraton Phuket Grand Bay នៅក្នុងប្រទេសថៃ

 

កោះភូកេត បានក្លាយជាកន្លែងវិនិយោគអចលនទ្រព្យមួយនៅឯប្រទេសថៃ តួយ៉ាងដូចជា Sheraton Grand Bay មួយនេះហើយ វាជារមណីយដ្ឋានដ៏ទាក់ទាញមួយនៅក្នុងតំបន់នេះ។ វាផ្តល់ការស្នាក់នៅដ៏ប្រណីត ដែលមានបន្ទប់គេងចំនួន 106 មានគ្រឿងសង្ហារឹមមួយឈុត ជាមួយនឹងបន្ទប់គេងដែលមានគ្រែមួយ លើសពីនេះ ក៏មានចែកជាផ្ទះល្វែងពីរជាន់ដាច់ ដែលមានគ្រែពីរ និងអាងហែលទឹកដ៏ស្រស់ស្អាត នៅតាមផ្ទះនីមួយៗផងដែរ។ ឆកសមុទ្រ Po នៅក្នុងតំបន់នេះ ផ្តល់ជូនទេសភាពសមុទ្រដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ជាបទពិសោធន៍នៅលើកោះដ៏ល្អមួយ នៅក្នុងតំបន់បែបត្រូពិចនេះ។ សម្រាប់រមណីយដ្ឋានជាមួយនឹងប្រព័ន្ធអភិវឌ្ឍចម្រុះនេះ អ្នកត្រូវចំណាយពេលប្រមាណ 20 នាទី បើសិនជាធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភូកេត និងចំណាយពេល 10 នាទីបើសិនជាធ្វើដំណើរចេញពីឆ្នេរ Po, Grand Marina ដែលទីនេះគឺជាតំបន់ធម្មជាតិត្រូពិចដ៏ល្អឥតខ្ចោះមួយ នៅក្នុងតំបន់អាស៊ីផងដែរ។

 

6. The Residences at The St Regis Jakarta នៅក្នុងប្រទេសឥណ្ឌូនេស៊ី

 

រដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ីកំពុងតែរីកចម្រើនខ្លាំង ដោយសណ្ឋាគារលំដាប់ផ្កាយប្រាំ ហ៊ុនព័ទ្ធជុំវិញទីក្រុង ដែលមានការកើនឡើងនៃអាជីវកម្មជាច្រើនផងដែរ។ The Sky Residences ផ្តល់ជូននូវទស្សនីយភាពដ៏ស្រស់ស្អាត នៃមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ខណៈដែលសួនចម្លាក់នៅជាន់ក្រោមដី បង្កើតបានជាខ្សាច់រាបស្មើ។ អ្នកបង្កើតគម្រោងមួយនេះ លោក Rajawali បាននិយាយថា សម្រាប់គម្រូសណ្ឋាគារនេះ គាត់គ្មានបានចំណាយថវិកាក្នុងការបង្កើតវាឡើយ ដោយសណ្ឋាគារនេះបានកើតឡើងពីការវិនិយោគសុទ្ធសាធ។ នៅទីនេះមានការចាប់អារម្មណ៍ច្រើនទៅលើស្រា Wine Lounge និង Cigar Lounge ព្រមទាំងមានអាងហែលទឹកទំនើបៗ យ៉ាងស្រស់ស្អាតទៀតផង។

សរុបមកវិញ ទាំង 6 នេះគឺជារមណីយដ្ឋានដែលបានគេចាត់ទុកថា ល្អបំផុតនៅក្នុងតំបន់អាស៊ីយើងនេះ ដោយពួកវាស្ថិតនៅក្នុងប្រព័ន្ធអភិវឌ្ឍចម្រុះនៅឡើយទេ ពុំទាន់រួចរាល់ទាំងស្រុងឡើយ ប៉ុន្តែយ៉ាងណា វានៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ ធ្លាប់បានទៅលំហែនៅរមណីយដ្ឋានណាមួយ នៅក្នុងចំណោមទាំង 6 នេះដែរទេ?

 

ប្រភពមកពីhttps://www.asiapropertyawards.com/6-of-asias-best-resorts-within-mixed-use-developments/?fbclid=IwAR2GRSEmzPcg3-FmSSeUy0sJ0WMq3vBh7WzIR5-90usjhvz6ZOK74cgaiXU