សណ្ឋាគារ Whisky លើកដំបូងនៅទីក្រុងឡុងដ៍ ត្រៀមបើកដំណើរការចុងឆ្នាំ ២០១៩ សម្រាប់អ្នកចូលចិត្តស្រា

ជាទូទៅ សណ្ឋាគារ ដែលមានការចាប់អារម្មណ៍ពីសំណាក់អតិថិជន គឺផ្ដោតសំខាន់បំផុតទៅលើសេវាកម្ម ដែលមានច្រើនផ្នែក និងកត្តាជាច្រើនគួបផ្សំគ្នា រហូតមានសណ្ឋាគារខ្លះមានបន្ថែមមកជាមួយនឹងកាស៊ីណូ ក្លឹបកំសាន្ត កន្លែងទទួលទានគ្រឿងស្រវឹងជាដើម។ ក្នុងនោះ សណ្ឋាគារ ដែលបន្ថែមមកជាមួយនឹងកន្លែងទទួលទានគ្រឿងស្រវឹង មិនសូវជាទាក់ទាញប៉ុន្មានទេ អាចថា វានៅមានសមត្ថភាព តែឆាប់ៗខាងមុខនេះ សម្រាប់អ្នកទៅលេងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ហើយចូលចិត្តទទួលទានស្រាវីសស្គី (Whisky) អាចទទួលបាននូវបទពិសោធន៍ពិសេស និងប្លែកមួយ ជាមួយនឹងសណ្ឋាគារ ដែលបើកយ៉ាងពិសេសសម្រាប់អ្នកចូលចិត្តស្រាវីសស្គី។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុន Bar Black Rock ដែលមានភាពល្បីល្បាញនៅចក្រភពអង់គ្លេស ទៅលើរសជាតិ និងសេវាកម្មស្រា បានធ្វើសេចក្ដីប្រកាសអំពីការពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែធំជាងមុន ក្នុងគោលបំណងចំបងបំផុត ផ្ដល់នូវបទពិសោធន៍ពិសេស សម្រាប់អ្នកចូលចិត្តទទួលទានគ្រឿងស្រវឹង ពិសេសគឺស្រាវីសស្គីតែម្ដង រួមជាមួយភេសជ្ជៈជាគ្រឿងស្រវឹងប្លែកៗជាច្រើនមុខផ្សេងទៀត។ ការពង្រីកអាជីវកម្មនេះ គឺធ្វើឡើងតាមរយៈការបង្កើតជាសណ្ឋាគារប្រណិតមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដោយរំពឹងទុកថា នឹងអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន ស្របពេលដែល Bar Black Rock គឺជាបា មានភាពល្បីល្បាញមួយ ឈរលើតារាងកំពូលអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ទៅលើរសជាតិស្រាវីសស្គីប្រមាណជា ២៥០ ដបមកពីជុំវិញពិភពលោក សម្រាប់បម្រើទៅដល់សេចក្ដីត្រូវការ និងចំណង់ចំនូលចិត្តទៅលើរសជាតិរបស់អតិថិជននីមួយៗ។

 

 

 

 

 

 

 

គម្រោងចាប់ផ្ដើមបង្កើតជាសណ្ឋាគារ សម្រាប់អ្នកទទួលទានស្រាវីសស្គីថ្មីនេះ មិនមែនជាគម្រោងខ្នាតយក្សបែបជាសណ្ឋាគារធំៗនោះទេ វាមានត្រឹមតែកម្ពស់ ៥ ជាន់ប៉ុណ្ណោះ ដែលកម្មវត្ថុចំបងនៃសេវាកម្ម គឺផ្ដល់តនូវរស់ជាតិ ល្អឯក នូវស្រា ដែលមានក្លិនឈ្ងុយ ឆ្ងាញ់ ត្រជាក់ អមជាមួយនឹងបរិវេនជុំវិញទាក់ទាញ សម្រាប់ការកាត់បន្ថយភាពតានតឹង។ មិនតែប៉ុណ្ណោះ បើភ្ញៀវទទួលទានជ្រុល ហើយពិបាកនឹងធ្វើដំណើរទៅផ្ទះវិញ Bar Black Rock ក៏មានបន្ទប់សម្រាប់ ស្នាក់នៅពេញមួយយប់ផងដែរ ដែលមានបន្ទប់តែ ៣ ប៉ុណ្ណោះ ស្ថិតនៅជាន់ទី ២ និងទី៣ ខណៈជាន់ផ្ទាល់ដី និងជាន់ក្រោមដី ជាទីកន្លែងកម្មង់ស្រា។ Bar Black Rock នឹងក្លាយទៅជាសណ្ឋាគារ Whisky ដំបូងគេបំផុតមួយនៅក្នុងទីក្រុង ដែលមានសេវាកម្មផ្ដល់នូវរសជាតិស្រាវីសស្គីល្អជាងគេ ត្រៀមនឹងបើកដំណើរការជាលើកដំបូងនាចុងឆ្នាំ ២០១៩ នេះឯង តែកាលបរិច្ឆេទច្បាស់លាស់នៅមិនទាន់បានកំណត់ច្បាស់នៅឡើយទេ ខណៈពេលតម្លៃស្នាក់នៅ ក៏ដូចជាប្រភេទនៃស្រានីមួយៗ នឹងចេញនាពេលក្រោយ បន្ទាប់ពីរៀបចំ ក៏ដូចជាដេគ័ររួចរាល់។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារស្រាវីសស្គីដំបូងនៅឡុងដ៍នេះ មានទីតាំស្ថិតនៅផ្លូវ Christopher Street, EC2A 2BS ដែលជាទីតាំងបា Black Rock Tavern ជាផ្នែកអាជីវកម្មតូចមួយរបស់ Bar Black Rock។

 

ប្រភពមកពីStandard.Co.Uk