កសិដ្ឋានបែបទីក្រុង (Urban Farm) ដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោក គ្រោងនឹងបើកដំណើរការនៅក្នុងទីក្រុងប៉ារីស ឆ្នាំ 2020 ខាងមុខនេះហើយ!

គម្រោងស្ថាបត្យកម្មជាច្រើននៅក្នុងពិភពលោក មានការវិវត្តមិនអន់នោះទេ រាល់សំណង់ថ្មីៗជាច្រើន សុទ្ធតែបានបង្កើតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមួយចំនួនធំ ទទួលបានការទាក់ទាញច្រើនមែនទែនពីប្រជាជន ដែលរស់នៅក្នុងតំបន់ និងខ្លះទៀតក៏ល្បី តាមបណ្តាញសង្គមនានាទៀតផង។ ជាក់ស្តែង នៅក្នុងអត្ថបទនេះ រាងប្លែកពីរាល់ដង វាគឺជាគម្រោងកសិដ្ឋានបែបទីក្រុង (Urban Farm) វិញម្តង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អែកនោះ គឺកសិដ្ឋានមួយនេះត្រូវបានចាត់ទុកថាជា កសិដ្ឋានបែបទៅក្រុងធំជាងគេបង្អស់នៅក្នុងពិភពលោក ព្រមទាំងគ្រោងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។


កសិដ្ឋានដ៏ធំបំផុតមួយនេះ មានទីតាំងនៅក្នុងសង្កាត់ Le Marais នៃទីក្រុងប៉ារីសប្រទេសបារាំង។ វាជាសួនដែលមានកម្ពស់ 6 ជាន់ និងមានផ្ទៃក្រឡាដី 150,000 ហ្វីតការ៉េ និងមានគោលដៅ ដាំបន្លែផ្លែឈើ ឲ្យបានជាង 2,000 ផោនក្នុងមួយថ្ងៃ។ អ្នកថែសួនចំនួន 20 នាក់នឹងមានវិធានការណ៍ ក្នុងការដាំដុះរុក្ខជាតិ 30 ប្រភេទផ្សេងៗគ្នា ដើម្បីបានផលបន្លែសម្រាប់សហគមន៍។ គម្រោងដែលត្រូវបានគេស្គាល់ថា “Agripolis” គឺជាគម្រោងប្រើប្រព័ន្ធកសិកម្មទំនើប ពីលើអាកាស ដែលអាចឲ្យកូនរុក្ខជាតិជាច្រើនទទួលបានទឹក និងជី ឬសារធាតុចិញ្ចឹមតាមរយៈអ័ព្ទពីលើអាកាស នៅជុំវិញគន្លងរបស់កសិដ្ឋាន។


Agripolis នឹងដំណើរការដោយមិនប្រើថ្នាំសម្លាប់សត្វល្អិត ឬសារធាតុគីមីណាមួយឡើយ។ វាគឺជាផ្នែកដ៏សំខាន់មួយរបស់ទីក្រុងប៉ារីស ដែលនឹងប្តេជ្ញាដាំបន្លែឲ្យបាន 250 ហិចតាពាសពាញរដ្ឋធានី។ លោក Pascal Hardy ដែលជាស្ថាបនិករបស់កសិដ្ឋានមួយនេះ បាននិយាយថា “ផលិតផលស្រស់របស់យើងនឹងត្រូវបានប្រើ ដើម្បីចិញ្ចឹមប្រជាជននៅភាគនិរតីនៃទីក្រុង ដោយផ្ទាល់តាមរយៈ គ្រោងការណ៍ប្រអប់វ៉េស (Veg box) ឬតាមរយៈ ហាងសណ្ឋាគារនិង កន្លែងលក់អាហារ ដែលអាចនឹងជួយកាត់បន្ថយការដឹកជញ្ជូន ចំណីអាហារពីកន្លែងឆ្ងាយៗ។” កសិដ្ឋាន Agripolis នឹងក្លាយជាភោជនីយដ្ឋានអាហារស្រស់ បែបធម្មជាតិដំបូងបំផុត នៅក្នុងទីក្រុង និងមានការចាត់ចែងដោយក្រុមប្រចាំតំបន់ Area Group Le Perchoir ផងដែរ។


ដោយមានការគាំទ្រពីអជ្ញាធរនៃទីក្រុងប៉ារីស កសិដ្ឋានដ៏ធំមួយនេះ (Agripolis) សង្ឃឹមថានឹងផ្សារភ្ជាប់ទំនាក់ទំនងជាថ្មីម្តងទៀតជាមួយនឹងប្រជាជន និងប្រភពអាហាររបស់ពួកគេ ដើម្បីជម្រុញភាពធន់ និងសោភ័ណភាពបរិស្ថាន ព្រមទាំងផ្នែកសេដ្ឋកិច្ចទៀតផង។ លោក Hardy បានមានប្រសាសន៍បន្ថែមថា “ចក្ខុវិស័យរបស់យើង គឺនឹងបង្កើតជាទីក្រុងថ្មីមួយ ដែលមានការគ្របដណ្តប់ដោយ ប្រព័ន្ធរីកលូតលាស់ពណ៌បៃតងថ្មីទាំងនេះ ពីលើដំបូលរាបស្មើ និងផ្ទៃដីដែលធ្លាប់បានគេបោះបង់ចោល ព្រមទាំងអាចបម្រើផលប្រយោជន៍ធំ ដល់ប្រជាជាតិ និងសង្គមទាំងមូលផងដែរ។”

កសិដ្ឋានដំបូលថ្មី (New rooftop farm) ដើរលើគម្រោង Agripolis នេះ ត្រូវបានគ្រោងរៀបចំពិធីកាត់ខ្សែបូរ សម្រាប់ដំណើរការដំបូង នៅនិទាឃរដូវឆ្នាំ 2020 ខាងមុខនេះហើយ។

ប្រភពមកពីhttps://www.archdaily.com/923857/the-worlds-largest-urban-farm-opens-next-year-in-paris