ភ្នំពេញ៖ ការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ មានភាពល្អប្រសើរជាងឆ្នាំ ២០២១ ច្រើន ដោយចរន្តនៃ ការចេញធ្វើដំណើរកំសាន្ត សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង ពិសេសគឺការមកដល់នៃ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកំសាន្តនៅកម្ពុជា មានសន្ទុះកើនឡើងយ៉ាងប្រសើរ។
យោងតាមការវាយតម្លៃរបស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងដូច្នេះថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកំសាន្តនៅកម្ពុជា ក្នុងរយៈពេលពេញ ១ឆ្នាំ នៃឆ្នាំ២០២២ នេះ អាចនឹងកើនឡើងដល់តួរលេខ ២ លាននាក់ កើនឡើងពី ការព្យាករណ៍លើកមុន ដែលមានចន្លោះពី ១,២ ទៅ ១,៣ លាននាក់ តែប៉ុណ្ណោះ។ ជាក់ស្ដែង ៩ខែ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកំសាន្តសរុបជាង ១,២ លាននាក់ ស្ថិតក្នុងអត្រាកើនឡើង ៨៦១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ជាមួយគ្នានោះដែរ ការកើនឡើងនៃចរន្តទេសចរណ៍ផ្ទៃក្នុង ក៏មានសន្ទុះកើនឡើងផងដែរ ជាពិសេសនៅពេលបុណ្យទាន ឬថ្ងៃឈប់ជាសាធារណៈជាដើម ដែលពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង បានចេញធ្វើដំណើរកំសាន្ត យ៉ាងច្រើនកុះករ នៅតាមរមណីយដ្ឋាន លើផ្ទៃប្រទេសសរុបប្រមាណ ៩,៦ លាននាក់ កើនឡើងប្រមាណ ៤៣០% បើធៀបនឹងឆ្នាំ២០២១។ ការកើនឡើងទាំង ការមកដល់នៃ ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងនេះ បានរួមចំណែកដោះស្រាយ វិស័យទេសចរណ៍បានយ៉ាងច្រើន ជាពិសេស សម្រួលទៅដល់ទីផ្សារការងារ ជូនដល់ពលរដ្ឋបានប្រមាណ ៣១.១០៥ កន្លែង។
មិនតែប៉ុណ្ណោះ តាមការព្យាករណ៍ទុក របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវមកពីបរទេស អាចកើនដល់ ២លាននាក់ ចំណែកភ្ញៀវទេសចរផ្ទៃក្នុង អាចកើនទៅ ១១លាននាក់ សម្រាប់រយៈពេល ១២ខែ ឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ការព្យាករណ៍រយៈពេលវែង បង្ហាញថា ឆ្នាំ២០២៨ ការមកដល់របស់ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកំសាន្តនៅកម្ពុជា អាចកើនឡើងដល់ ៧,៥ លាននាក់ ខណៈភ្ញៀវទេសចរផ្ទៃក្នុង អាចបន្តកើនឡើងដល់ ១៦លាននាក់ ក្នុងរយៈពេលពេញមួយឆ្នាំ។
គួររំលឹកឡើងវិញផងដែរថា មុនពេលផ្ទុះជំងឺឆ្លងកូវីដ-១៩ កម្ពុជា អាចទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកំសាន្តនៅកម្ពុជា សរុបប្រមាណជា ៦,៦ លាននាក់ កាលពីឆ្នាំ២០១៩ កន្លងទៅ៕