ភ្នំពេញ៖ គម្រោងបង្កើតឱ្យមានជា ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវមួយខ្សែ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានពន្យាពេល និងកំពុងត្រូវបានយកចិត្តទុកដាក់ ក្នុងស្វែងរកដំណោះស្រាយ ដើម្បីជម្រុញឱ្យ គម្រោងការមួយនេះ បញ្ចប់ជាស្ថាពរ នាពេលខាងមុខ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការ វិវេចនាលទ្ធកម្ម ហៅកាត់ថា (PRC) ក្នុងគោលបំណងពិភាក្សា លើការពន្យារពេល សាងសង់របស់គម្រោង រៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រោមការដឹកនាំ កិច្ចប្រជុំដោយ ឯកឧត្ដម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវមួយខ្សែតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចលទ្ធផលបាន ៧២% ហើយ។
កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីមានកិច្ចពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ ក្នុងឱកាសមេដឹកនាំថៃ ចូលរួមកិច្ចប្រជុំ កំពូលអាស៊ាននៅរាជធានីភ្នំពេញ។ តាមកិច្ចពិភាក្សានោះ រដ្ឋាភិបាលថៃ បានស្នើ និងជម្រុញឱ្យពន្លឿនដល់ ការបើកដំណើរការ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នេះឱ្យបានឆាប់រហ័ស និងអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីជម្រុញ ការអភិវឌ្ឍតំបន់ព្រំដែន នៃប្រទេសជាតិទាំងពីរ។
ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំដោះស្រាយ និងជម្រុញធ្វើអោយ ដំណើរការគម្រោងច្រកទ្វារ ព្រំដែនដ៏សំខាន់មួយនេះ បញ្ចប់ការសាងសង់នាពេលខាងមុខ បើទោះបីជាបច្ចុប្បន្ន គម្រោងការមួយនេះ ត្រូវបានពន្យាពេល ក្នុងការសាងសង់ ដោយសារតែមានបម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួល សម្រាប់សេវាត្រួតពិនិត្យបច្ចេក ទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើ បម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ក៏ដោយ។
គួរបញ្ជាក់ថា គម្រោងច្រកទ្វារព្រំដែន ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នៅតំបន់ស្ទឹងបត់ រួមមានដូចជា ការសាងសង់ អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង ទីលានកុងតឺន័រ និងផ្លូវតភ្ជាប់ទៅកាន់ ផ្លូវជាតិលេខ៥ ផងដែរ៕