កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម Sadhan Chandra Majumder រដ្ឋមន្រ្តីក្រសួងស្បៀងអាហារ បង់ក្លាដែស និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី តភ្ជាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពយុទ្ធសាស្រ្តអនាគត ក្នុងការនាំចូលអង្ករ ពីប្រទេសកម្ពុជា ទៅក្នុងទីផ្សារបង់ក្លាដែស។ ស្របគ្នានោះដែរ ភាគីទាំងពីរបានសម្តែង នូវសុទិដ្ឋិនិយម ចំពោះកំណើនជាវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបាន ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥៦ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ កន្លងមក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍អំពី សក្តានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញកំណើន ពាណិជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើង បន្ថែមទៀត និងបានស្នើភាគីបង់ក្លាដែស ដាក់ចេញនូវទិសដៅ ការងារមួយចំនួន ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញ ពីប្រមុខដឹកនាំ នៃប្រទេសទាំងពីរ រួមមាន៖
១- ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវ ការអនុវត្តដោយពេញលេញ និងមានប្រសិទ្ធភាព។
២- ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្ម ចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។
៣- ការពិនិត្យលទ្ធភាព បន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្ករ រវាងកម្ពុជា-បង់ក្លាដែស ជាដើម។
ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពី ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបានឯកភាពចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា-បង់ក្លាដែស ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្ក ររវាង កម្ពុជា-បង់ក្លាដែស និងការរៀបចំ កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ រវាងកម្ពុជា-បង់ក្លាដែស។