កម្ពុជា-ម៉ារ៉ុក បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ


កាលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្នុងពិធីចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភាប្រទេសម៉ារ៉ុក និងគាំទ្ររាជរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំជាដើម ដើម្បីនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ លើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាម៉ារ៉ុក នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពី ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែប្រសើរ ថែមមួយកម្រិតទៀត។ ដូចគ្នានេះដែរ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី ក៏បានលើកឡើងពី ទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់ ណាស់មកហើយ ដែលកម្ពុជានិងម៉ារ៉ុក ជាប្រទេសរាជានិយមដូចគ្នា និងបានស្គាល់សុខទុក្ខគ្នា ទៅវិញទៅមក។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ារ៉ុក នៅពេលវេលាសមស្របណាមួយ ផងដែរ។