ទីស្នាក់ការកណ្តាលថ្មី របស់ក្រុមហ៊ុន Alibaba នឹងត្រូវបានរចនាដោយ ស្ទូឌីយោ ASPECT


ស្ទូឌីយោរចនាស្ថាបត្យកម្ម ASPECT ទើបតែឈ្នះការប្រកួតប្រជែង ការរចនាអន្តរជាតិ និងត្រូវបានជ្រើសរើស សម្រាប់ការរចនាគម្រោង ទីស្នាក់ការកណ្តាលថ្មីមួយទៀត របស់ក្រុមហ៊ុន Alibaba នៅតំបន់ Hangzhou ក្នុងខេត្ត Zhejiang ប្រទេសចិន។ គម្រោងរចនាទីស្នាក់ការកណ្ដាលថ្មីនេះ នឹងផ្អែកលើ គោលគំនិតបែប “BioHabiNet” ដែលជាសំណើរបស់ ASPECT ផ្ទាល់ ជាមួយនឹងការរចនា ដែលផ្តោតលើបណ្តាញ ទំនាក់ទំនងគ្នាទៅវិញទៅមក នៃជីវចម្រុះស្រទាប់ ប្រព័ន្ធទឹកប្រកបដោយនិរន្តរភាព និងកន្លែងធ្វើការ បែបសហគមន៍។

គម្រោងទីស្នាក់ការកណ្ដាលនេះ អាចនឹងផ្ទុកបុគ្គលិក នៃក្រុមហ៊ុន Alibaba ជាង 30,000 នាក់ ហើយក៏មានបំណងក្លាយជា ទីស្នាក់ការកណ្ដាលគំរូសម្រាប់ សួនសាជីវកម្មបន្ថែមទៀត ដើម្បីគាំទ្រដល់ គោលដៅអព្យាក្រឹតកាបូនរបស់ ប្រទេសចិន សម្រាប់ឆ្នាំ 2060 ផងដែរ។ ដោយផ្អែកលើភាពអំណោយផល នៃទីតាំងដែលមានស្រាប់ ASPECT បានបង្កើតសំណើរចនា ដែលផ្តោតលើ ប្រព័ន្ធរចនាដែលទាក់ទងគ្នា ទៅវិញទៅមក រួមមាន៖ ទឹក ជីវចម្រុះ មនុស្ស និងវប្បធម៌រួមបញ្ចូលគ្នា នៅក្នុងតំបន់មួយ ដែលមានពោពេញដោយ ធម្មជាតិពណ៌បៃតង ដើម្បីបង្កើតបរិយាកាសជុំវិញ បរិវេណកន្លែងការងារ និងភាពទាក់ទាញជាដើម។

លើសពីនេះ ក្នុងដំណើរការសាងសង់ ASPECT ក៏នឹងស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការផលិត ការដឹកជញ្ជូន និងការដំឡើងសម្ភារសំណង់ ផងដែរ។ វត្ថុធាតុដើមក្នុងស្រុក កែច្នៃ និងផលិតដោយ និរន្តរភាពត្រូវបានប្រើប្រាស់ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន និងមានការបំពេញបន្ថែម នូវព្រៃឈើបៃតង ក្នុងទីក្រុង និងបង្កើតកាលវិភាគដាំដំណាំ ដោយជនជាតិដើមភាគតិច ឲ្យបានទូលំទូលាយផងដែរ។

គួរបញ្ជាក់ផងដែរថា Alibaba គឺជា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ឈានមុខគេរបស់ប្រទេសចិន  និងដំណើរការទីផ្សារ អនឡាញដ៏ធំបំផុត របស់ពិភពលោក សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និង ក្នុងស្រុក ។ ក្នុងទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុននេះ បានពង្រីកសាខាខ្លួន ជាមួយនឹងអគារដែលរចនាដោយ ស្ថាបត្យករដ៏ល្បីល្បាញៗ ជាច្រើន ដូចជា ទីស្នាក់ការកណ្តាល ដោយ Hassell នៅ Hangzhou, ការិយាល័យ នៅទីក្រុង Wuhan ដោយ Benoy, អគារទីស្នាក់ការទីពីរ ដោយ Foster + Partners និង Campus ដែលទើបប្រកាស ដោយ Skidmore, Owings & Merrill (SOM) ដែលមានទីតាំងនៅ ទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុត របស់ប្រទេសចិន និងជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុពិភពលោកផងដែរ។