កម្ពុជាអាចនឹងមាន “កន្រ្តកខ្សែកាប” (Cable Car) សម្រាប់បម្រើឱ្យ វិស័យដឹកជញ្ជូនសាធារណៈ នៅក្នុងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា នាពេលអនាគត


កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល ជួបពិភាក្សាការងារជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ក្នុងការសិក្សាស្វែងយល់អំពី ការប្រើប្រាស់ កន្រ្តកខ្សែកាប (Cable Car) សម្រាប់វិស័យដឹកជញ្ចូនសាធារណៈ ក្នុងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ បានបង្ហាញចំណាប់អារម្មណ៍ផងដែរ លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពី វិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំ ប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជន ឱ្យកាន់តែប្រសើរឡើង ថែមទៀតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ បានបន្ថែមថា៖ ទំនោរនៃការប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្ត បញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ ទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត ប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរ ផ្នត់គំនិតរបស់ខ្លួន ងាកមកប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈនេះ បានកាន់តែច្រើនឡើង។ ឯកឧត្តមបាន បញ្ជាក់ទៀតថា៖ ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍ វិស័យដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរក ដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេស ដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។