ក្រុមហ៊ុនចិន Shanxi ឈ្នះការដេញថ្លៃលើគម្រោងស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប

ដោយហេតុថា កំណើនភ្ញៀវទេសចរណ៍មកកំសាន្តនៅកម្ពុជាមានការកើនឡើង ពិសេសជនជាតិចិនបានមកលេងយ៉ាងភ្លុកទឹកភ្លុកដីនោះ បានធ្វើឲ្យការដឹកជញ្ជូនតាមរយៈម៉ូតូ រថយន្ត រហូតដល់ផ្លូវអាកាស មានភាពមម៉ាញឹកខ្លាំង ស្របពេលដែលអាកាសយានដ្ឋាននៅខេត្តនានា ត្រូវរៀបចំឡើងវិញ សាងសង់ថ្មី និងពង្រីកបន្ថែមជាដើម។ ក្នុងនោះ អាកាសយានដ្ឋាននៅខេត្តសៀមរាប ដែលមានទំហំតូច និងមានចម្ងាយ ៥ គីឡូម៉ែត្រ ពីក្រុងអង្គរ មិនអាចឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរណ៍បានទេ ម្យ៉ាងសម្លេងរំខាន និងការបង្ករឲ្យមានរំញ័រ ធ្វើឲ្យប៉ះពាល់ប្រាងប្រាសាទ ដែលជាហេតុតម្រូវឲ្យមានការសាងសង់ព្រលានថ្មី ដែលធំជាមុន។

ជុំវិញការបង្កើតថ្មី នូវអាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាបនេះ ត្រូវបានដាក់ការដេញថ្លៃ ហើយទីបំផុតក្រុមហ៊ុន ដែលទទួលបានសិទ្ធិស្របច្បាប់ ក្នុងការសាងសង់នូវផ្នែកសំខាន់ៗ នៃព្រលានយន្តហោះខេត្តសៀមរាប បានទៅលើក្រុមហ៊ុនសំណង់អន្តរជាតិចិនឈ្មោះ Shanxi Construction Mechanization Group។ យោងតាមប្រភពព័ត៌មាន China Daily បានឲ្យដឹងថា ក្រុមហ៊ុនសំណង់អន្តរជាតិ Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃក្នុងចំនួនទឹកប្រាក់ជាង ៤២.១៦ លានដុល្លារអាមេរិក ទៅលើការសាងសង់ស្ថានីយអ្នកដំណើរ ផ្លូវហោះហើរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតក្នុងព្រលាន ដែលមានចម្ងាយប្រហែល ៥១ គីឡូម៉ែត្រ ទិសខាងត្បូង ពីក្រុងសៀមរាប ត្រៀមនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេមួយនៅកម្ពុជា។

ព្រលានយន្តហោះថ្មីនៅសៀមរាប នេះនឹងសាងសង់ឡើងលើផ្ទៃដីជាង ៧០០ ហាត់តា ដែលនឹងចំនាយទឹកប្រាក់ជាង ៨៨០ លានដុល្លារអាមេរិក ក្នុងការសាងសង់សរុប។ ព្រលានថ្មីនេះ ការរំពឹងទុកថាដំណាក់កាលទីមួយ ក្រោយពេលបញ្ចប់ការសាងសង់រួច វាមានសមត្ថភាពស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៧ លាននាក់ក្នុងមួយឆ្នាំ ដែលនឹងជួយបង្កើនចរន្តសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែប្រសើរជាងមុន តាមរយៈជើងហោះហើរពីអន្តរជាតិ រត់ខ្សែត្រង់ផ្ទាល់ចុះចត ដោយពុំចាំបាច់ឆ្លងកាត់ព្រលានយន្តហោះផ្សេងៗ ហើយឡើងយន្តហោះធនតូចមួយតង់ទៀតទេ។ នេះគឺជាគម្រោងសាងសង់អាកាសយានដ្ឋានក្រៅប្រទេស ដំបូងគេបំផុតរបស់ក្រុមហ៊ុនចិននេះ ដែលជាវិធានការថ្មី ក្នុងការអនុវត្តគម្រោង ខ្សែក្រវ៉ាត់ និងផ្លូវថ្នល់ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុនខ្លួនទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

យ៉ាងណាក៏ដោយ ថ្ងៃចាប់ផ្ដើមគម្រោងសាងសង់ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់នៅឡើយទេ!

 

ប្រភពមកពីChina Daily